(គូឡាឡាំពួរ)៖ តុលាការម៉ាឡេស៊ី នៅថ្ងៃច ន្ទនេះ បានសម្រេចចិត្តផ្អាកសវនាការចំនួន៥ រយៈពេលមួយសប្ដាហ៍ លើសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB និងការចោទប្រកាន់ជាច្រើនពាក់ព័ន្ធនឹង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
លោក ណាជីប រ៉ាហ្សាក់ ដែលបរាជ័យក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨ ត្រូវបានតុលាការ ចោទប្រកាន់លើបទល្មើសចំនួន៤២ ជុំវិញការប្រព្រឹត្តអំពើពុករលួយ លាងលុយកង្វក់ និងរំលោភ អំណាចទាក់ទិននឹងមូលនិធិរដ្ឋ 1MDB ។ ប៉ុន្តែ លោកបានអះអាងថាមិនបានប្រព្រឹត្តអ្វីខុសឡើយ ហើយការចោទប្រកាន់មកលើរូបលោកគឺរឿងនយោបាយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមតុលាការម៉ាឡេស៊ី សវនាការលើសំណុំរឿង 1MDB ត្រូវបានធ្វើឡើងនៅថ្ងៃ ចន្ទសប្ដាហ៍ក្រោយ។ មូលនិធិរដ្ឋ 1MDB ត្រូវបានបង្កើតកាលពីឆ្នាំ២០០៩ ដោយលោក ណាជីប រ៉ាហ្សាក់ និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសចំនួន៦។ ជាក់ស្ដែង ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថាប្រាក់ជាង៤.៥ពាន់លានដុល្លារនៃមូលនិធិរដ្ឋនេះ ត្រូវបាន គេលួច ខណៈលោក ណាជីប ត្រូវបានគេចោទថាទទួលបានប្រាក់ដោយខុសច្បាប់៥៥០.៨លានដុល្លារ ចន្លោះពីឆ្នាំ២០១១ និងឆ្នាំ២០១៤៕