(អេស្ប៉ាញ)៖ អាជ្ញាធរអេស្ប៉ាញបានឲ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅលើទីតាំងលំហែកាយមួយរបស់ប្រទេសអេស្ប៉ាញ ដែលមានឈ្មោះថា ហ្គ្រេន កាណារៀ (Gran Canaria) បានបង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណ ៥.០០០នាក់ ថែមទាំងបានព្រមានថា អាចនឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីពន្លត់ភ្លើងព្រៃនេះឲ្យបានទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩។
លោកស្រី អ៊ែនជែល វីកទ័រ តូរែស (Angel Victor Torres) ដែលជាអភិបាលកោះកាណារី (Canary) បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា ភ្លើងឆេះព្រៃដែលបានរាលដាលដល់តំបន់ភ្នំ គ្រូដឺតេហ្សេដា (Cruz de Tejeda) ដែលជាទីពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ គឺមានសភាព «កាចសាហាវបំផុត និងមិនទៀតទាត់ទេ»។ ដោយឡែកមិនមាន របាយការណ៍ដែលបញ្ជាក់ថា មានមនុស្សស្លាប់ក្នុងគ្រោះអគ្គីភ័យខាងលើនោះទេ។
ក្រុមពន្លត់អគ្គីភ័យមានគ្នាជាង ៦០០នាក់ និងយន្តហោះ ១៤គ្រឿងបាន និងកំពុងដាក់ឲ្យដំណើរការយ៉ាងសកម្ម ដើម្បីទប់ស្តាត់អណ្តាតភ្លើង។
ជាមួយនឹងសីតុណ្ហភាពដែលកើនឡើងខ្លាំងនៅថ្ងៃចន្ទនេះ អាជ្ញាធរបានប៉ាន់ស្មានថា វានឹងអាចចំណាយពេលច្រើនថ្ងៃ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍នេះបាន។ ភ្លើងឆេះព្រៃខាងលើ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយផ្សេងទៀតនៅក្នុងតំបន់តែមួយបានកើតឡើង ខណៈត្រូវបានបង្ខំឱ្យជម្លៀសមនុស្សរាប់រយនាក់ផងដែរ។
គួរជម្រាបថា Gran Canaria គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៃដែនកោះកាណារី ខណៈកោះមួយនេះទទួលបានភ្ញៀវទេសចរ ១៣.៧លាននាក់កាលពីឆ្នាំមុន ដោយជាងពាក់កណ្តាលនៃភ្ញៀវទេសចរទាំងនោះ បានមកពីអង់គ្លេស និងអាល្លឺម៉ង់។ ប្រទេសអេស្បាញត្រូវបានញាំញីដោយភ្លើងឆេះព្រៃយ៉ាងខ្លាំង ដោយសារតែអាកាសធាតុនៅរដូវក្តៅឆ្នាំនេះមានសភាពស្ងួតខ្លាំង៕