(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក ធីម ឃុក (Tim Cook) បានលើកឡើងនូវ ហេតុផលដ៏សមហេតុផលមួយ តាមរយៈការបង្ហាញក្តីបារម្ភថា ការដំឡើងពន្ធលើទំនិញបន្ថែមដែលនាំចូលមកពីប្រទេសចិន នឹងផ្តល់ប្រយោជន៍ធំដល់ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ដែលជាគូប្រជែងធំបំផុតលេខ ១ របស់ Apple។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Bloomberg នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
លោក Cook បានលើកឡើងពីបញ្ហានេះ ក្នុងឱកាសទទួលទានអាហារពេលល្ងាចជាមួយលោក ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯក្លឹបវាយកូនហ្គោលរបស់លោកប្រធានាធិបតីអាមេរិក នៅក្រុង ប៊ែដមីនស្ទឺរ (Bedminster) រដ្ឋញូជែស៊ី (New Jersey)។ លោក ត្រាំ បានប្រាប់ក្រុម អ្នកសារព័ត៌មាននៅទីនោះថា ហេតុផលរបស់លោក Cook គឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថា Apple នឹងប្រឈមមុខនូវបញ្ហាលំបាកប្រសិនត្រូវបង់ពន្ធខ្ពស់ជាងមុន ខណៈគូប្រកួតប្រជែងដ៏ខ្លាំងបំផុតមួយរបស់ខ្លួន មិនមានបញ្ហានេះឡើយនោះ។
គួរជម្រាបថា ផលិតផលរបស់ក្រុមហ៊ុន Apple នឹងត្រូវជាប់ការដំឡើងពន្ធខ្ពស់ជាងមុនគឺ ១០ភាគរយ នៅពេលអាមេរិកចាប់ផ្តើម អនុវត្តន៍ផែនការដំឡើងពន្ធលើទំនិញ រាប់រយពាន់លានដុល្លារថែមទៀតលើចិន។ ខណៈការបង្កើនពន្ធលើ iPhone, iPad, និង កុំព្យូទ័រយួរដៃរបស់ Apple ត្រូវបានពន្យារពេលដល់ថ្ងៃទី១៥ ខែធ្នូ ការដំឡើងពន្ធលើនាឡិកា Apple Watch, AirPods, និង គ្រឿងបរិក្ខារផ្សេងៗទៀត នឹងត្រូវអនុវត្តន៍នៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះហើយ ប្រសិនបើគ្មានការប្រែប្រួលអ្វីទេនោះ។
ស្របពេលដែលផលិតផលមួយចំនួនធំរបស់ Apple ត្រូវផលិតឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុន Samsung ដំឡើងផលិតផលខ្លួននៅតាមប្រទេសជាច្រើនខុសគ្នា រួមមានទាំងចិនផងដែរ។ ហេតុនេះគឺ Samsung នឹងរងការប៉ះពាល់តិចជាង Apple ដោយសារគម្រោងដំឡើងពន្ធថ្មីរបស់លោក ត្រាំ ទៅលើទំនិញចិន។ ដោយកិច្ចចរចាពាណិជ្ជកម្មជាថ្មីរវាងចិន និងអាមេរិក នឹងត្រូវរៀបចំនៅខែកញ្ញា ឆាប់ៗនេះហើយ៕