(តែលអាវីវ)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកមិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើចាំបាច់អ៊ីស្រាអែលនឹងបើកប្រតិបត្តិការយោធា ទ្រង់ទ្រាយធំទៅលើតំបន់ Gaza Strip តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
លោក Netanyahu ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន មុននឹងបំពេញដំណើរទស្សនកិច្ចមួយ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងសប្ដាហ៍នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានលើកឡើងដូច្នេះថា «អ៊ីស្រាអែលមិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើកាលៈទេសៈបង្ខំ យើងនឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ទៅលើតំបន់ Gaza Strip ដើម្បីរក្សាសន្តិសុខ និងសន្តិភាព»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Benjamin Netanyahu ធ្វើឡើងនៅចំពេលស្ថានការណ៍ តានតឹងជាមួយប៉ាឡេស្ទីនឡើងកម្ដៅកាន់តែខ្លាំង ក្រោយយោធាអ៊ីស្រាអែលអះអាងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ Gaza Strip ធ្លាក់ចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ប៉ុន្តែទាំងភាពតានតឹង និងការប្ដេជ្ញាចិត្តធ្វើប្រតិបត្តិការយោធារបស់លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា យុទ្ធសាស្ត្រមួយនៃការទាក់ទាញប្រជាប្រិយភាព មុនការបោះឆ្នោតសកលមួយ នៅខែកញ្ញាខាងមុខនេះចូលមកដល់៕