(ម៉ូស្គូ)៖ រុស្ស៊ីនឹងមិនដាក់ពង្រាយមីស៊ីលណាមួយឡើយ បើសិនជាសហរដ្ឋអាមេរិកអនុវត្តការអត់ធ្មត់ ដូចគ្នានេះនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ដកខ្លួនចេញជាផ្លូវ ការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រុស្ស៊ី Rossiya-24 TV នៅចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Shoigu បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងនៅតែប្រកាន់ជំហរដដែល បើសហរដ្ឋអាមេរិកមិនដាក់ពង្រាយ មីស៊ីលនៅក្នុងតំបន់អឺរ៉ុប យើងក៏នឹងមិនដាក់ពង្រាយមីស៊ីលដូចគ្នា»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីដើមខែសីហា កន្លងទៅ បន្ទាប់ពីចោទគ្នាទៅវិញទៅមកថា បានរំលោភលើសិន្ធិសញ្ញានេះជា ច្រើនលើក។ INF គឺជាសន្ធិសញ្ញាមួយដែលហាមឃាត់ការដាក់ពង្រាយ និងអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ អាចបាញ់បានចំងាយចន្លោះពី៥០០ ដល់៥,៥០០ គីឡូម៉ែត្រ៕