Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្វីដែលលោក ដូណាល់ ត្រាំ កំពុងធ្វើដាក់វេណេស៊ុយអេឡា បៀបបានទៅនឹងទង្វើដែលហ៊ីត្លែរ ធ្លាប់ធ្វើដាក់ជនជាតិជ្វីហ្វ, នេះបើតាមលោក នីកូឡាស់ ម៉ាឌូរ៉ូ (Video inside)

18-08-2019 14:47

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថាអ្វីដែល លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងធ្វើដាក់ប្រទេស និងប្រជាជនរបស់លោកគឺ បៀបបានទៅនឹងទង្វើដែលអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ហ៊ីត្លែរ ធ្វើដាក់ជនជាតិ ជ្វីហ្វ កំឡុង សង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅឯទីក្រុងការ៉ាកាស់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ «អ្វីដែលពួកគេកំពុងធ្វើដាក់យើង ទោះច្រើន ឬតិចក្ដី វាប្រៀបបាន ទៅនឹងអ្វីដែលរបបផ្ដាច់ការណាហ្ស៊ីហ៊ីត្លែរ ធ្វើដាក់ប្រជាជនជ្វីហ្វ កំឡុងសង្រ្គាមលោកលើកទី២ ហើយអ្វីដែលរបបណាហ្ស៊ី បានធ្វើដាក់ជនជាតិជ្វីហ្វ គឺខ្ញុំថ្កោលទោសយ៉ាងខ្លាំង។ ដូច្នេះហើយ លោក ដូណាល់ ត្រាំ កំពុងធ្វើដាក់ប្រជាជន និងប្រទេសវេណេស៊ុយអេឡា ដូចជាហ៊ីត្លែរ បាន ធ្វើដាក់ប្រជាជនជ្វីហ្វ នោះគឺការធ្វើទុក្ខបុក្ខម្នេញ វាយប្រហារ និងបិទខ្ទប់សេដ្ឋកិច្ច»

គួរជម្រាបជា ការកត់សម្គាល់បែបនេះ របស់លោក ម៉ាឌូរ៉ូ មិនមែនជាលើកទីមួយឡើយ ដោយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ក៏ធ្លាប់បានចោទ ប្រកាន់ លោក ដូណាល់ ត្រាំ ដូចគ្នានេះដែរ ដើម្បីជាការសម្ដែងការជំទាស់នឹងទណ្ឌកម្មសេដ្ឋកិច្ច របស់ទីក្រុងវ៉ាស៊ីនតោន៕