(បង់ក្លាដែស)៖ អគ្គិភ័យដ៏សម្បើមអស្ចារ្យមួយ បានលេបត្របាក់ផ្ទះសម្បែងប្រជាជនជាង ១៥,០០០ខ្នង នៅក្នុងសង្កាត់សំណង់អាណាធិបតេយ្យមួយកន្លែង ក្នុងរដ្ឋធានីដាកកា (Dhaka) ប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងដែរថាអគ្គិភ័យខាងលើកើតឡើងនៅឯសង្កាត់ Chalantika នៃទីក្រុងដាកកា កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ ហើយវាក៏បានធ្វើឱ្យមនុស្សជាង៥០,០០០នាក់ គ្មានផ្ទះសម្បែងស្នាក់នៅផងដែរ។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យឆាបឆេះជាង០៦ម៉ោង ទម្រាំត្រូវបានពន្លត់នេះមិនទាន់ត្រូវបានគេ កំណត់នៅឡើយទេ ខណៈគ្មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ទេ បើទោះជាមានមនុស្សជាច្រើននាក់ រងរបួស៕