(ហេ្សរុយសាឡឹម)៖ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថាទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ បុរសប៉ាឡេស្ទីន៣នាក់ និងម្នាក់ទៀតរងរបួស នៅឯព្រំដែនតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន សាកសពបុរសទាំង៣នាក់ខាងលើ ត្រូវបានគេប្រទះឃើញ នៅឯភាគខាងជើងនៃព្រំដែនតំបន់ហ្គាហ្សា ខណៈបុរសម្នាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ។ ចំណែកឯ ខាងអ៊ីស្រាអែល ក៏បានបញ្ជាក់ដែរថាកងកម្លាំងរបស់ខ្លួនបានបើកការបាញ់ប្រហារ លើជនប្រដាប់អាវុធមួយក្រុម ដែលបានព្យាយាមឆ្លងកាត់ព្រំដែនហ្គាហ្សា។
ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការបាញ់ប្រហារខាងលើ កើតឡើងកាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគ្រាប់រ៉ុក្កែត៣គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាធ្លាក់ចូល ទឹកដីអ៊ីស្រាអែល៕