(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៦៣នាក់ បានស្លាប់ និងច្រើនជាង១៨០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឯសាលរៀប អាពាហ៍ពិពាហ៍មួយកន្លែង ក្នុងរដ្ឋធានីកាប៊ុល។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរអាហ្វហ្គានីស្ថាន ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ អាចជាការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ដែលកើតឡើងនៅម៉ោង១០៖៤០នាទីយប់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) កំឡុងពិធីមង្គលការ នៅឯសាលរៀបអាពាហ៍ពិពាហ៍មួយកន្លែងក្នុងរដ្ឋធានីកាប៊ុល។
ដោយឡែក ភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារដ៏អាក្រក់ នេះនៅឡើយទេ ប៉ុន្តែវាបានកើតឡើងនៅពេលដែលគេរំពឹងថាសហរដ្ឋអាមេរិក និងក្រុមតាលីបង់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសំដៅបញ្ចប់ជម្លោះដ៏រុំារ៉ៃនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន៕