(ប៉ារីស)៖ អ្នករត់តុម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែង នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានភ្ញៀវ ម្នាក់បាញ់សម្លាប់ ដោយសារតែខឹងរឿងបម្រើសេវាកម្ម sandwich យឺតពេក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមប៉ូលិសបារាំង ការស៊ើបអង្កេតមួយលើករណីឃាតកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នករត់តុជាបុរសម្នាក់ ត្រូវបានភ្ញៀវខ្លួនឯងបាញ់សម្លាប់កាលពីល្ងាចថ្ងៃសុក្រ (ម៉ោងនៅប៉ារីស) ក្នុង ភោជនីយដ្ឋានមួយ ស្ថិតនៅតំបន់ Noisy-le-Grand នៃភាគខាងកើតទីក្រុងប៉ារីស។
គួរបញ្ជាក់ថា ក្រោយបាញ់សម្លាប់អ្នករត់តុជាបុរសខាងលើ មានអាយុ២៨ឆ្នាំ ជនសង្ស័យបានរត់ គេចខ្លួនដោយសុវត្ថិភាព។ រីឯក្រុមការងាររថយន្ដសង្រ្គោះបន្ទាន់ ក៏បានធ្វើព្យាយាមជួយសង្រ្គោះ អ្នករត់តុនេះដែរ ប៉ុន្តែជាអកុសល រូបគេបានស្លាប់នៅនឹងកន្លែងកើតហេតុ៕