(វ៉ាស៊ីនតោន)៖ សេតវិមាន បាន និងកំពុងពន្លឿនសំណើលក់យន្ដហោះចម្បាំង F-16 ក្នុងតម្លៃ ៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដើម្បីជួយបង្កើន និងពង្រឹងសមត្ថភាពការពារជាតិរបស់សម្ព័ន្ធមិត្ត អាមេរិកមួយនេះ។ នេះបើតាមលោក Marco Rubio ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Marco Rubio ក៏បានបញ្ជាក់ដែរ ថាការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង មានតម្លៃ៨ពាន់លានដុល្លារ គឺជាជំហានមួយ ដ៏សំខាន់បង្ហាញការគំាទ្រ និងជួយពង្រឹងសមត្ថភាពកោះតៃវ៉ាន់។
ប៉ុន្តែការលក់សព្វាវុធឱ្យកោះតៃវ៉ាន់ គឺជារឿងមួយដែលចិនជំទាស់ជាដាច់ខាត ដោយទីក្រុងប៉េកាំង ចាត់ទុកថា តៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ លើសពីនេះទៅទៀត ចិនធ្លាប់បានព្រមាន ជាច្រើនលើកថាខ្លួននឹងមិនស្ទាក់ស្ទើឡើយក្នុងការប្រើប្រាស់កម្លាំងយោធា បើសិនជាមានកងកម្លាំង បរទេសណាមួយហ៊ានបំបែកតៃវ៉ាន់ចេញពីចិនដីគោក៕