(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតសម្រាប់ដឹកជញ្ជូនឈ្មោះ Smart Dragon-1 របស់ចិន ត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បីនាំយកផ្កាយរណបចំនួន០៣គ្រឿង ឡើងទៅកាន់គន្លងទីអវកាសផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៩។
ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតខាងលើ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន កាលពីវេលាថ្ងៃត្រង់ថ្ងៃសៅរ៍នេះ។ គ្រាប់រ៉ុក្កែត Smart Dragon-1 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនចិន China Rocket Co. Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរ៉ុក្កែតនិងយានអវកាសចិន China Academy of Launch Vehicle Technology ហៅកាត់ CALVT។ រីឯផ្កាយរណបទាំង០៣គ្រឿង ដែលវានាំយកទៅ គឺជារបស់ក្រុមហ៊ុនចំនួន០៣ មានមូលដ្ឋាននៅទីក្រុងប៉េកាំង។
គួរជម្រាបថា រ៉ុក្កែត Smart Dragon-1 ឬ SD-1 នេះ ប្រវែងសរុប១៩.៥ម៉ែត្រ និងអង្កត់ផ្ចិត១.២ម៉ែត្រ។ ខុសពីត្រកូលគ្រាប់រ៉ុក្កែត Long March គ្រាប់រ៉ុក្កែតស៊េរី Dragon នេះ ត្រូវបានរចនាឡើងដោយផ្តោតលើការបម្រើវិស័យពាណិជ្ជកម្ម គឺសម្រាប់ទទួលនាំយកផ្កាយរណបឡើងទីអវកាស។ រ៉ុក្កែត SD-1 ត្រូវបានចំណាយពេលអភិវឌ្ឍឡើងតែ១៨ខែប៉ុណ្ណោះ ដែលជារយៈពេលខ្លីជាងគេបង្អស់ សម្រាប់ការអភិវឌ្ឍន៍រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មី នៅក្នុងប្រទេសចិន៕