(សាន់ហ្រ្វាន់ស៊ីស្កូ)៖ អគ្គរដ្ឋអាជ្ញាអាមេរិកនៃរដ្ឋ និងទីក្រុងសរុបចំនួន ០៥ បានរួមគ្នាដាក់ពាក្យបណ្តឹងប្រឆាំងនឹង គោលនយោបាយអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។
រដ្ឋបាលលោក ត្រាំ បានប្រកាសបទបញ្ញតិថ្មីមួយ នៅក្នុងគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ដែលមានគោលដៅរឹតត្បិត ខ្លាំងជាងមុននូវការអនុញ្ញាតឲ្យចូលមកកាន់សហរដ្ឋអាមេរិក និងការទទួលបានសញ្ជាតិអាមេរិក សម្រាប់ជនអន្តោប្រវេសន៍ ហើយវានឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១៥ ខែតុលាខាងមុខ។
គោលការណ៍ថ្មីខាងលើនេះ គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់លោក ត្រាំ ក្នុងការទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ ចូលមកក្នុងសហរដ្ឋអាមេរិក ហើយវាក៏ជាគោលដៅធំមួយ ក្នុងអាណត្តិជាប្រធានាធិបតីរបស់លោកផងដែរ។
គួរជម្រាបថា ពាក្យបណ្តឹងខាងលើស្ថិតក្រោមការដឹកនាំរបស់រដ្ឋកាលីហ្វ័រញ៉ា រួមជាមួយរដ្ឋ ម៉េណេ (Maine), អូរ៉េហ្គន (Oregon), និង ភែនស៊ីលវេនៀ (Pennsylvania) ព្រមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។ ខណៈកាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យបណ្តឹងតវ៉ាមួយទៀតដែរ ដែលវាមានការគាំទ្រពីរដ្ឋចំនួន ១៣ ដឹកនាំដោយរដ្ឋវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងគោលការណ៍អន្តោប្រវេសន៍ថ្មី របស់រដ្ឋបាលលោក ត្រាំ៕