(កាប៊ុល)៖ តាមរយៈប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ របស់ប្រទេសអាហ្វហ្គានីស្ថាន បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែសីហានេះថា គូស្នេហ៍វ័យក្មេងសរុប ១៤០គូ បានជួបជុំគ្នារៀបពិធីមង្គលការរួមគ្នាដ៏ធំមួយ នៅឯរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ដែលជាទីក្រុងដ៏អសន្តិសុខបំផុតមួយ នៅក្នុងពិភពលោកនេះ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃសៅរ៍។
ព្រិត្តិការណ៍ដ៏ធំសម្បើមខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី១៦ ខែសីហាម្សិលមិញ នៅសង្កាត់ភាគខាងលិចនៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ខណៈអ្នកឧបត្ថម្ភកម្មវិធីនេះ គឺជាអង្គការសប្បុរសធម៌មួយនៅក្នុងស្រុក ដែលមានឈ្មោះថា ហាស្រាត អ៊ីអាប៊ុល ហ្វាស៊ីល (Hazrat-e-Abul Fazl)។
ដោយឡែកគោលបំណងនៃព្រឹត្តិការណ៍នេះ ត្រូវបានគេឲ្យដឹងថា គឺធ្វើឡើងដើម្បីកាត់បន្ថយការចំណាយរបស់ពិធីជប់លៀង ឬមង្គលការ ខណៈដែលយុវជនជំនាន់ក្រោយនៅក្នុងប្រទេស ដែលបាននិងកំពុងរងគ្រោះ ដោយសារសង្គ្រាមមួយនេះ កំពុងជួបប្រទះនូវភាពក្រីក្រយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ក្រុមគ្រួសារដែលបានចូលរួមក្នុងពិធីនេះ ក៏បានសម្តែងការស្វាគមន៍ និងពេញចិត្តយ៉ាងខ្លាំង ចំពោះកម្មវិធីខាងលើ ហើយបានអំពាវនាវដល់អ្នកមានទ្រព្យច្រើនឲ្យជួយផ្គត់ផ្គង់ថវិកា ដល់ក្រុមគ្រួសារក្រីក្រ ដើម្បីឲ្យគ្នាមានលទ្ធភាពបង្កើតគ្រួសារផងដែរ។
គួរជម្រាបថា ថ្លៃចំណាយខ្ពស់កប់ពពកសម្រាប់ពិធីមង្គលការ បានក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសអាហ្គានីស្ថាន។ ក្នុងចំណោមប្រជាជនក្រីក្រ ក៏ត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារអាមេរិកដែរ សម្រាប់ពីធីមង្គលការមួយ។ ប្រការនេះបានធ្វើឲ្យយុវជនជាច្រើន ត្រូវរង់ចាំសន្សំលុយរាប់ឆ្នាំទម្រាំអាចរកប្រាក់កាក់ ដើម្បីរៀបការបានពេញមុខមាត់ ប៉ុន្តែអ្នកខ្លះទៀត ក៏នៅតែពុំមានលទ្ធភាពពេញមួយជីវិតក៏មាន ចំពោះមុខសង្គ្រាមអូសបន្លាយ និងវិបត្តិសេដ្ឋកិច្ច៕