(ប៉េកាំង)៖ ខណៈកន្លងទៅការផ្តោតសំខាន់ភាគច្រើន បានធ្លាក់ទៅលើក្រុមនាវាដឹកយន្តហោះចម្បាំងចិន គឺមិនសូវមានការចាប់អារម្មណ៍ឡើយ ចំពោះការផលិតនាវាសម្រាប់ដឹកឧទ្ធម្ភាគចក្រ និងនាវាប្រភេទអាំហ្វីប៊ីយ៉ូស អាស្សាល់ (Amphibious Assault) ដែលមានដឹកកងទ័ព បរិក្ខាយោធា និងគ្រឿងសព្វាវុធសម្រាប់ចេញប្រតិបត្តិការពីផ្ទៃទឹក ឡើងទៅកាន់ដែនដីនៅជាប់សមុទ្រ។
បច្ចុប្បន្នមានការជឿជាក់ថា នាវាសម្រាប់ដឹកឧទ្ធម្ភាគចក្រ Type 075 ប្រហែល០៣គ្រឿង កំពុងស្ថិតក្រោមការសាងសង់ដោយ ក្រុមហ៊ុនផលិតនាវាចិន ហ៊ូទុង ចងហ័រ (Hudong Zhonghua)។ នាវា Type 075 ហៅកាត់ថា LHD (Landing Helicoper Dock) នេះ គឺជានាវាប្រភេទ Amphibious Assault ជំនាន់ថ្មីដែលមានទំហំធំ និងការរចនាខុសពីនាវា Type 071 ហៅកាត់ថា LPD (Landing Platform Dock)។
ចំណុចខុសគ្នាគឺត្រង់ថា នាវា Type 075 មានផ្នែកខាងលើរាបស្មើយ៉ាងទូលាយតែម្តង ហើយផ្ទុកឧទ្ទម្ភាគចក្របានច្រើនគ្រឿង ខណៈនាវា Type 071 មានរូបរាងដូចនាវាចម្បាំង ដែលអាចស្តុកឧទ្ធម្ភាគចក្របានប្រហែល ០២គ្រឿងនៅផ្នែកខាងក្រោយ។ សហរដ្ឋអាមេរិក មាននាវាប្រភេទ Amphibious Assault Type 075 ដូចរបស់ចិនចំនួន ០៩គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការសព្វថ្ងៃគឺធុន Wasp-class ទម្ងន់ ៤០,០០០តោនចំនួន ០៨គ្រឿង និងមួយគ្រឿងទៀតជាធុនថ្មីគឺ America-class ទម្ងន់ ៤៥,០០០តោន។
នាវា Type 075 ដំបូងគេរបស់ចិនត្រូវគេរំពឹងថា នឹងមានទម្ងន់ ៣១,០០០តោន និងអាចដឹកឧទ្ធម្ភាគចក្របាន ២៨គ្រឿង ខណៈនាវាបន្ទាប់គឺ Type 075A នឹងមានទម្ងន់ ៤០,០០០តោន ហើយអាចផ្ទុកឧទ្ធម្ភាគចក្របាន ៤០គ្រឿង។ សម្រាប់នាវា Type 071 ចិនវិញគឺមានទម្ងន់ត្រឹម ២៥,០០០តោន ដែលពួកវាដូចនាវា Amphibious Assault ធុន San Antonio-class របស់អាមេរិក។ ចិនមាននាវា Type 071 នេះចំនួន ០៨គ្រឿង ខណៈមួយគ្រឿងថ្មីបំផុតទើបដាក់ដំណើរការកាលពីខែមិថុនាកន្លងទៅ ហើយវាក៏ជាគ្រឿងចុងក្រោយនៃនាវា Type 071 នេះដែរ។
គួរជម្រាបថា នាវាយោធាប្រភេទ Amphibious Assault នេះរបស់ចិន ត្រូវអ្នកជំនាញមើលឃើញថា អាចបង្កការគំរាមកំហែងយ៉ាងខ្លាំង ចំពោះកោះតៃវ៉ាន់ និង តំបន់នៅសមុទ្រចិនខាងត្បូង ខណៈប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធដែលមានបំពាក់នៅលើវា គឺមានប្រសិទ្ធភាពបំផុតនៅក្នុងការបំពេញប្រតិបត្តិការជិតៗ និងងាយស្រួលក្នុងការ ហោះឡើងម្តងៗក្នុងចំនួនច្រើនជាងយន្តហោះចម្បាំង៕
ប្រភព៖ សារព័ត៌មាន Sputnik (ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩)