(វ៉ាស៊ីនតោន)៖ នាថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិកបានចេញដីកាមួយ សម្រាប់ការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ដែលអង់គ្លេសទើបដោះលែងកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

ការចេញដីការឹបអូសដោយខ្លួនឯងផ្ទាល់បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់សហរដ្ឋអាមេរិកបានព្យាយាមនៅនាទីចុងក្រោយ ដើម្បីស្នើឲ្យអាជ្ញាធរអង់គ្លេសនៅតំបន់ Gibraltar បន្តឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់។ ជាមួយគ្នានោះដែរ ក្រសូងការបរទេស អាមេរិក ក៏បានព្រមានថា បុគ្គលដែលពាក់ព័ន្ធជាមួយកប៉ាល់ដឹកប្រេង Grace 1 នឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរ រួមមានទាំង ការរឹតត្បិតលើទិដ្ឋាការ។

គួរជម្រាបថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានកងម៉ារីនអង់គ្លេសចាប់ឃាត់ទុក នៅច្រកសមុទ្រ Gibraltar កាលពីថ្ងៃទី០៤ ខែកក្កដាកន្លងទៅ ក្រោមការសង្ស័យថា កប៉ាល់នោះមានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី ដែលល្មើសទណ្ឌកម្មអឺរ៉ុប។ ក្រោយ ការដោះលែង កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ត្រូវគេរាយការណ៍ថា នឹងឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក្រោមឈ្មោះថ្មីគឺ Adrian Darya។ ដោយឡែក កប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង កំពុងស្ថិតក្រោមការរឹបអូសរបស់អ៊ីរ៉ង់ ខណៈមិនទាន់ដឹងថា អ៊ីរ៉ង់នឹង ដោះលែងកប៉ាល់នោះនៅពេលណាឡើយ៕