(ហ្គាំ)៖ បុរសម្នាក់ត្រូវបានកម្លាំងសន្តិសុខអាមេរិកបាញ់សម្លាប់ បន្ទាប់ពីជនសង្ស័យរូបនោះ បានបើករថយន្តទៅបុកក្លោងទ្វារនៃ មូលដ្ឋានកងទ័ពអាកាសអាមេរិក Anderson ស្ថិតលើកោះហ្គាំ ដែលជាដែនដីរដ្ឋបាលរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានប្រចាំនៅកោះហ្គាំផ្ទាល់ គឺ Pacific Daily News នៅយប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ពីប៉ូលិសកោះហ្គាំ ដើមហេតុដំបូងឡើយ គឺប៉ូលិសបានដឹកនាំកម្លាំងដេញតាមចាប់ជនសង្ស័យខាងលើ ដែល ពាក់ព័ន្ធបទល្មើសចោរកម្ម។ ជនសង្ស័យបានបើករថយន្តគេចពីការតាមចាប់របស់ប៉ូលិស រួចជ្រុលទៅបុកក្លោងទ្វារបន្ទាយយោធា Anderson ហើយក៏បានព្យាយាមចុះពីរថយន្ត ដើម្បីបន្តរត់គេចខ្លួនដោយថ្មើជើង។
កំឡុងការព្យាយាមឃាត់ខ្លួន ជនសង្ស័យមិនបានប្រគល់ខ្លួនឲ្យចាប់តាមសម្រួលឡើយ និងបានចាក់កម្លាំងសន្តិសុខម្នាក់ឲ្យរបួស ទើបបង្ខំឲ្យសន្តិសុខប្រចាំមូលដ្ឋានទ័ពអាកាស ប្រើកាំភ្លើងបាញ់ទៅលើជននោះ។ ភ្លាមៗ ជនសង្ស័យក៏ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យដែរ ប៉ុន្តែមិនអាចជួយបាន។ ហេតុការណ៍នេះ បានកើតឡើងនាវេលាព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលា លើកោះហ្គាំ)។
គួរជម្រាបថា កោះហ្គាំរបស់អាមេរិក ស្ថិតនៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ៦,៣៥៧គីឡូម៉ែត្រពីកោះហាវ៉ៃ នៅភាគខាងកើតប្រទេសហ្វីលីពីន និងចម្ងាយប្រហែល៣២,០០០គីឡូម៉ែត្រពីសមុទ្រចិនខាងត្បូង៕