(ដាណឺម៉ាក)៖ អ្នកនយោបាយដាណឺម៉ាកជាច្រើនរូប នៅថ្ងៃសុក្រនេះបាននិយាយថា សេចក្ដីរាយការណ៍ពីគំនិតចង់ទិញដែនដីគ្រីនលែន (Greenland) របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺជារឿងមួយគួរឱ្យអស់សំណើច ដ្បិតដែនដីមួយនេះមិនមែនទុកសម្រាប់លក់នោះទេ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
គំនិតចង់ទិញដែនដីគ្រីនលែនរបស់លោក ត្រាំ ត្រូវបានរាយការណ៍មុនគេដោយកាសែត the Wall Street Journal ជាមួយការបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក បានលើកឡើងនូវគំនិតដូចខាងលើជាច្រើនលើកច្រើនសា កំឡុងកិច្ចពិភាក្សាជាមួយក្រុមទីប្រឹក្សារបស់លោក។ លោក ត្រាំ បានធ្លាប់សួរថា តើអាមេរិកអាចទិញកោះគ្រីនលែនបានឬអត់? ហើយលោកបានផ្ទៀងស្តាប់ យ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេលើកឡើងពីធនធានដ៏ច្រើនសម្បើម និងឧត្តមប្រយោជន៍ នៃទីតាំងភូមិសាស្រ្តរបស់ដែនដីកោះនោះ។
ប៉ុន្តែជុំវិញសេចក្ដីរាយការណ៍ អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក ដូចជាលោក ឡាស ឡូកកេ រ៉ាស្មូស្សេន (Lars Lokke Rasmussen) បានចាត់ទុកថា វាគឺជារឿងគួរឱ្យអស់សំណើច និងជាព័ត៌មានកុហកនៃទិវា April Fool។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនដាណឺម៉ាក លោក សូរ៉េន អ៊ែស្ពែសិន (Soren Espersen) ក៏បានអះអាងដែរថា «ដែនដីគ្រីនលែនមិនមែនសម្រាប់លក់នោះទេ» ពីព្រោះការដែនដីមួយនេះមានន័យ ស្មើនឹងលក់ពលរដ្ឋដាណឺម៉ាក ៥០,០០០នាក់ ឱ្យសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសដាណឺម៉ាក នៅខែកញ្ញាខាងមុខនេះ ហើយក្នុងដំណើរទស្សនកិច្ចនេះលោក នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក និងមេដឹកនាំតំបន់គ្រីនលែន។ កោះ Greenland មានទំហំផ្ទៃដីសុទ្ធ (មិនគិតផ្ទាំងទឹកកកដុះ) ប្រមាណ ២.១លានគីឡូម៉ែត្រក្រឡា ដូចគ្នានឹងទំហំផ្ទៃដីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកំពូលមហាសេដ្ឋីប្រេងនៅលើពិភពលោក។
បន្ថែមពីខាងលើនេះ កោះគ្រីនលែនជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ខណៈវាមានទីតាំងស្ថិតនៅជិតតំបន់អាមេរិកខាងជើង ជាជាងតំបន់អឺរ៉ុប និងមានផ្ទៃដីយ៉ាងធំធេង និងគ្រប់ដណ្តប់ដោយផ្ទាំងទឹកកកស្ថិតនៅភាគឦសាន ប្រទេសកាណាដា។ ទោះភាគច្រើននៃផ្ទៃដីលើកោះនោះជាទឹកកកក៏ដោយ វាមានផ្ទុកធនធានធម្មជាតិក្នុងបរិមាណដ៏ច្រើនសម្បើម រួមមានទាំងប្រេង និងឧស្ម័នធម្មជាតិ ដែលស្មើនឹងរាប់សិបពាន់លានបារ៉ែល។ ក្រៅពីនេះកោះគ្រីនលែន ក៏មានស្តុកនូវទឹកសាប ១០ភាគរយរបស់ពិភពលោកផងដែរ។
ប៉ុន្តែអ្វីដែលទំនងជាសំខាន់ជាងគេនោះ គឺនៅក្រោមផ្ទាំងទឹកកករបស់កោះគ្រីនលែន គឺធនធានដ៏កម្រហៅថា Rare Earth ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ពោលគឺសម្រាប់ការផលិតចាប់តាំងពីស្មាតហ្វូន រហូតដល់បរិក្ខាយោធានិងគ្រឿងសព្វាវុធ។
ដោយឡែកសព្វថ្ងៃបន្ទុកកែច្នៃធនធាន Rare Earth ដល់ទៅ ៩០ភាគរយ គឺស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ដែលកំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ហើយចិនក៏មានធនធាននេះផ្ទាល់ នៅក្នុងដែនដីខ្លួនប្រមាណពី ៣០ទៅ៤០ភាគរយ នៃធនធាន Rare Earth សរុបនៅលើពិភពលោកផងដែរ។ ម៉្យាងវិញទៀតកោះនេះ ក៏ផ្តល់នូវគុណសម្បត្តិផ្នែកយុទ្ធសាស្រ្តសម្រាប់ប្រទេស ដែលចង់បង្កើនឥទ្ធិពលរបស់ខ្លួន នៅតំបន់មហាសមុទ្រអាក់ទិចផងដែរ ។
កាលពីឆ្នាំ១៩៤៦ អតីតប្រធានាធិបតីអាមេរិក លោក ហារូ ទ្រូមែន (Harry Truman) ធ្លាប់បានព្យាយាមយកមាសសុទ្ធតម្លៃ ១០០លានដុល្លារ ទៅទិញកោះគ្រីនលែន ប៉ុន្តែដាណឺម៉ាកបានបដិសេធចំពោះសំណើនោះ។ ដែនដីធំធេងសព្វថ្ងៃដែលអាមេរិក ធ្លាប់បានទិញពីប្រទេសដទៃ គឺរដ្ឋអាឡាស្កា ដែលនៅដាច់ពីរដ្ឋផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក និងស្ថិតនៅក្បែរប្រទេសរុស្ស៊ីឯណោះ។ អាមេរិកបានទិញ រដ្ឋអាឡាស្កាពីរុស្ស៊ី កាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃ ៧.២លានដុល្លារ ដែលក្រោយមករុស្ស៊ីពិតជាស្តាយក្រោយ និងចារទុកវិប្បដិសារីជាប្រវត្តិសាស្ត្រ៕