(ហុងកុង)៖ អ្នកជំនាញឡើងជញ្ជាំង-ភ្នំជនជាតិបារាំងម្នាក់ឈ្មោះ អេឡាំង រ៉ូប៊ែក (Alain Robert) បានឡើងលើអគារខ្ពស់មួយនៅទីក្រុងហុងកុង ដើម្បីចងទង់ដែលបង្ហាញការរួបរួមសន្តិភាព នៅចំពោះមុខការធ្វើបាតុកម្មឥតឈប់ឈរ ដែលបានបន្តប្រព្រឹត្តទៅជាងពីរខែមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
បើតាមសម្តីលោក Robert ការធ្វើបែបនេះ គឺលោកមានក្តីសង្ឃឹមថា វានឹងអាចជួយបន្ធូរបន្ថយភាពតឹងនៃស្ថានការណ៍បច្ចុប្បន្ន ហើយអាចឲ្យមានការបញ្ចេញស្នាមញញឹមខ្លះៗឡើងវិញ នៅក្នុងទីក្រុងហុងកុង។ នៅលើទង់របស់អ្នកជំនាញឡើងជញ្ជាំងភ្នំរូបនោះ រួមមានសញ្ញានៃទង់ជាតិរបស់ប្រទេសចិន និងរបស់តំបន់រដ្ឋបាលពិសេសហុងកុង ហើយនៅក្រោមនោះមានរូបចាប់ដៃគ្នា ជាសញ្ញានៃការរួបរួម និងស្រុសស្រួលគ្នា។
គួរជម្រាបថា ចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅឯទីក្រុងហុងកុង បានបន្តអូសបន្លាយ ១០សប្តាហ៍ជាប់គ្នាមកហើយ ដែលវាបានចាប់ផ្តើមដំបូងចេញពីការប្រឆាំង ច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់មួយ រហូតប្រែក្លាយជាចលនាតវ៉ាប្រឆាំងរដ្ឋបាល ទីក្រុងហុងកុងសព្វថ្ងៃនេះ រួមជាមួយការទាមទារឲ្យធ្វើកំណែទម្រង់ផ្សេងៗទៀត។
ខណៈការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសហុងកុង កាន់តែតានតឹងខ្លាំងឡើងកាលពីប៉ុន្មានថ្ងៃមុន និងការផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុងរយៈពេល ០២ថ្ងៃជាប់គ្នា ដោយតែក្រុមអ្នកតវ៉ាចូលទៅបង្កភាពរាំងស្ទះ រដ្ឋាភិបាលប៉េកាំងបានចល័តកម្លាំងយោធា រួមមានទាំងរថពាសដែកនិងកងទ័ពមកកាន់ទីក្រុង ហ្សិនជិន (Shenzhen) ដែលស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ប៉ុណ្ណោះពីទីក្រុងហុងកុង៕