(ប៉េកាំង)៖ ការចិញ្ចឹមជ្រូករបស់ចិនបានធ្លាក់ចុះ ៣២.២ភាគរយ ក្នុងខែកក្កដាកន្លងទៅ ខណៈជំងឺប៉េសជ្រូកអាហ្វ្រិក នៅតែបន្តរីករាលដាលនៅទូទាំងប្រទេស។ នេះបើតាមក្រសួងកសិកម្មចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
ក្រសួងកសិកម្មចិននៅក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជាក់ទៀតថា ការផ្ដល់កំណើតកូនជ្រូកក៏បានធ្លាក់ចុះ ៣១.៩ភាគរយផងដែរ ក្នុងខែកក្កដាកន្លងទៅ ដោយសារជំងឺប៉េសជ្រូកអាហ្វ្រិក។ លើសពីនេះទៅទៀត ការធ្លាក់ចុះទាំងការចិញ្ចឹមជ្រូក និងការផ្ដល់កំណើតកូនជ្រូកក្នុងខែកក្កដា ដដែលគឺមានសភាពខ្លាំងក្លាជាងកាលពីខែមិថុនាទៅទៀត ដែលកាលណោះបានធ្លាក់ចុះ ២៥.៨ភាគរយ ខណៈការផ្ដល់កំណើតកូនជ្រូកវិញបានធ្លាក់ចុះ ២៦.៧ភាគរយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បញ្ហាខ្វះខាតសត្វជ្រូកផ្គត់ផ្គង់ទីផ្សារកាន់តែកើនឡើង បានធ្វើឱ្យតម្លៃសាច់ជ្រូកកើនឡើងជាប់កំណត់ត្រាថ្មីមួយ ចាប់តាំងពីឆ្នាំ២០១៦ ដោយសាច់ជ្រូកមួយគីឡូហក់ឡើងថ្លៃដល់ទៅ ៣.៣៤ដុល្លារក្នុងសប្ដាហ៍នេះ។ យ៉ាងណាក៏ដោយមន្ត្រីជំនាញចិន កំពុងបន្តស្វះស្វែងដោះស្រាយបញ្ហាជំងឺប៉េសជ្រូក នេះ យ៉ាងខ្លាំងក្លាបំផុត ដើម្បីបង្កើនទំនុកចិត្តលើការបរិភោគសាច់ជ្រូក និងបង្កើនការចិញ្ចឹមឡើងវិញ៕