(ហ្សាការតា)៖ នាថ្ងៃសុក្រនេះប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានដាក់សំណើជាផ្លូវការទៅកាន់សភា ស្តីពីផែនការផ្លាស់ប្តូររដ្ឋធានីពីទីក្រុងហ្សាការតាបច្ចុប្បន្ន ដែលស្ថិតលើកោះជ្វា ទៅកាន់កោះ ប័រណេអូ (Borneo) វិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
លោក Widodo បានដាក់ចេញនូវសំណើខាងលើ កំឡុងការថ្លែងសារក្នុងសភាឥណ្ឌូណេស៊ី នៅមួយថ្ងៃមុនខួប ៧៤ឆ្នាំនៃបុណ្យឯករាជ្យជាតិ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយថា «រដ្ឋធានីមិនត្រឹមជានិមិត្តរូបនៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែក៏ជាការតំណាងឲ្យវឌ្ឍនភាពរបស់ប្រទេសជាតិផងដែរ»។ យ៉ាងណាមិញលោក Widodo មិនបានបញ្ជាក់ច្បាស់ថា នៅកន្លែងណាឲ្យប្រាកដលើកោះ Borneo ដែលនឹងក្លាយជារដ្ឋធានីថ្មីនោះឡើយ។
គួរជម្រាបថា គម្រោងរើរដ្ឋធានីចេញពីទីក្រុងហ្សាការតារបស់លោក Widodo ត្រូវបានប្រកាសឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០១៩ ដោយរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី។ នាពេលនោះមតិភាគច្រើនសង្ស័យថា រដ្ឋធានីអាចនឹងផ្លាស់ប្តូរទៅទីក្រុង ផាឡាំងការ៉ាយ៉ា (Palangkaraya) លើកោះ Borneo។
បច្ចុប្បន្នទីក្រុងហ្សាការតាមានប្រជាជនរស់នៅជាង ១០លាននាក់ ហើយបើតាមការស្ទង់មតិមួយកាលពីឆ្នាំ២០១៦ ហ្សាការតាបាន ប្រឈមនឹងបញ្ហាកកស្ទះចរាចណ៍យ៉ាងអាក្រក់បំផុត ក្នុងចំណោមទីក្រុងធំៗដទៃទៀត នៅលើពិភពលោក។ មួយវិញទៀតនោះ យោងតាមការសិក្សាស្រាវជ្រាវ តំបន់មួយភាគធំរបស់ទីក្រុងនេះ អាចនឹងត្រូវជន់លិចទៅក្នុងសមុទ្រទាំងស្រុង នៅឆ្នាំ២០៥០ ខណៈតំបន់ភាគខាងជើងទីក្រុងហ្សាការតា បានលិចជម្រៅ ២.៥ម៉ែត្រ ក្នុងអំឡុងពេល ១០ឆ្នាំកន្លងទៅ និងកំពុងបន្តលិចចន្លោះពី ១-១៥សង់ទីម៉ែត្រជាមធ្យមក្នុងមួយឆ្នាំៗ៕