(វ៉ាស៊ីនតោន)៖ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចថា គម្រោងដំឡើងពន្ធលើទំនិញចិន ៣០០ពាន់លានដុល្លារ នឹងត្រូវអនុវត្តតែពាក់កណ្តាលប៉ុណ្ណោះ នៅដើមខែក្រោយ ហើយពាក់កណ្តាលទៀតត្រូវពន្យារទៅដល់ខែធ្នូ ចិននៅតែប្តេជ្ញាថា នឹងចាត់វិធានសមស្របដើម្បីឆ្លើយតបទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ក្រុមមន្រ្តីរបស់អាមេរិក និងក្រុមមន្រ្តីចិន បានសន្ទនាគ្នាតាមទូរស័ព្ទមុនពេលរដ្ឋបាលលោក កាលពីប៉ុន្មានថ្ងៃមុន សម្រេចពន្យារពេលការដំឡើងពន្ធលើទំនិញចិនទំហំជាង ១៥០ពាន់លានដុល្លារ ទៅដល់ថ្ងៃទី១៥ ខែធ្នូ។ ផលិតផលទាំងនោះរួមមាន ស្មាតហ្វូន កុំព្យូទ័រយួរដៃ កុំព្យូទ័រ និងផលិតផលផ្សេងៗទៀត ដែលអតិថិជនទូទៅប្រើប្រាស់។ ប៉ុន្តែទំនិញមួយចំនួនទៀតនឹងត្រូវដំឡើងពន្ធនៅថ្ងៃទី០១ ខែកញ្ញា តាមការគ្រោងទុកដដែល។
ទោះជាបែបនេះក្តី ទីក្រុងប៉េកាំងបានលើកឡើងថា វាគឺជាការរំលោភកិច្ចសន្យារវាងលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន កាលពីខែមិថុនាកន្លងទៅហើយចិនបានព្រមានថា នឹងចាត់វិធានការឆ្លើយតបទៅវិញ ប៉ុន្តែក៏បានទទូចឲ្យសហរដ្ឋអាមេរិក យល់ព្រមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយផងដែរ។
គួរជម្រាបថា កិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខនេះ៕