(បរទេស)៖ ការសិក្សាថ្មីមួយបានរកឃើញថា កាលពី៤.៥ពាន់លានឆ្នាំមុន ភពព្រហស្បតិ៍ (Jupiter) បានបុកគ្នាចំពេញទំហឹងជាមួយកូនភពមួយទៀត ដែលមានម៉ាសធំជាងផែនដី ១០ដង។ ព្រឹត្តិការណ៍នោះ បានបង្កើតចេញជាស្នូល ដែលមានលក្ខណៈរាវដូចសព្វថ្ងៃរបស់ភពឧស្ម័នយក្សនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពី វែបសាយ Space នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
មុនបេសកកម្ម Juno របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបញ្ជូនឲ្យទៅសិក្សាពី Jupiter អ្នកវិទ្យាសាស្រ្តគិតថាស្នូលរបស់ភពនេះ គឺមានលក្ខណៈរឹង ដោយពួកគេបានសន្និដ្ឋានថា វាទំនងជាមានម៉ាសចន្លោះពី ០៥ទៅ២០ដង ធៀបនឹងម៉ាសរបស់ផែនដី។ អ្នកវិទ្យាសាស្រ្តបានសន្មត់បែបនេះ គឺដោយសារតែភពព្រហស្បតិ៍ បានចាប់ផ្តើមឡើងចេញពីកូនភពមួយដែលផ្សំពីថ្ម និងទឹកកក។
យ៉ាងណាមិញ តាមរយៈការសិក្សាលើទិន្នន័យដែលយាន Juno ប្រមូលបានក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះបានរកឃើញថា ស្នូលរបស់ភពព្រហស្បតិ៍ មិនមែនផ្សំឡើងតែពីថ្ម និងទឹកកកទេ គឺក៏មានឧស្ម័នអ៊ីដ្រូសែន និងអេល្យូម។ ប្រការនេះមានន័យថា វាពុំមានខ្សែបន្ទាត់វែកញែកដាច់រវាងស្នូលនោះ ហើយនិងបរិយាកាសពោរពេញដោយឧស្ម័ន ដែលនៅហ៊ុមព័ទ្ធជុំវិញវាឡើយ ខណៈកន្លងមកអ្នកវិទ្យាសាស្រ្តធ្លាប់យល់ថា នៅក្រោមស្រទាប់បរិយាកាសដ៏ក្រាស់ ដែលពោរពេញដោយព្យុះរបស់ភពព្រហស្បតិ៍ គឺមានស្នូលរឹងមួយ។
ពីព្រោះតែស្នូលមានលក្ខណៈចម្លែកបែបនេះ ទើបអ្នកវិទ្យាសាស្រ្តបានសិក្សាស្រាវជ្រាវ និងពិសោធន៍រកឃើញទ្រឹស្តីខាងលើ គឺការប៉ះទង្គិចគ្នាចំពេញទំហឹងជាមួយកូនភពមួយទៀត មានម៉ាសប្រហែល ១០ដងនៃម៉ាសរបស់ផែនដី នៅពេលវាកំពុងអភិវឌ្ឍន៍នូវបរិយាកាសឧស្ម័ន ដែលនៅព័ទ្ធជុំវិញស្នូលរបស់វា។ ព្រឹត្តិការណ៍នោះ បានបំផ្លាញស្នូលរឹងរបស់ភពព្រហស្បតិ៍ ហើយកម្ទេចកម្ទីនៃស្នូលរបស់ Jupiter និងកូនភពមួយនោះបានលាយឡំគ្នា ជាមួយឧស្ម័នរបស់ Jupiter បង្កើតចេញជាស្នូលថ្មីមួយ៕