(ម៉ូស្គូ)៖ អាជ្ញាធរដែនដី Gibraltar បានសម្រេចចិត្តដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace 1 វិញហើយ បើទោះជាមានសំណើឃាត់ទុក និងរឹបអូសពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរ Gibraltar ដែលជាដែនដីអង់គ្លេសមួយនៅឯនាយសមុទ្រ បានសម្រេចចិត្តដោះលែង កប៉ាល់ Grace 1 បន្ទាប់ពីទទួលបានសំបុត្រធានាមួយពីអ៊ីរ៉ង់ថា កប៉ាល់នេះនឹងមិនដឹកជញ្ជូនប្រេងទៅកាន់ ប្រទេសស៊ីរីនោះទេ។ ប៉ុន្តែ ទោះបីជាមានការដោះលែងកប៉ាល់អ៊ីរ៉ងក៏ដោយ ក៏គេមិនរំពឹងថាស្ថានភាព នៅតំបន់ច្រកសមុទ្រ Hormuz នឹងមានភាពស្ងប់ស្ងាត់ឡើងវិញដែរ ខណៈសហរដ្ឋអាមេរិកកំពុង ប្រមូលផ្ដុំកម្លាំងធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងតំបន់ដែនទឹកដ៏សំខាន់មួយនេះ។
គួរបញ្ជាក់ថា កប៉ាល់ដឹងប្រេង Grace 1 របស់អ៊ីរ៉ង់ ត្រូវបានកងម៉ារីនអង់គ្លេសរឹបអូស នៅក្នុង ដែនទឹកនៃតំបន់ Gibraltar កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទថាកប៉ាល់នេះរំលោភលើទណ្ឌកម្មសហភាពអឺរ៉ុប ក្នុងការដឹកប្រេងទៅកាន់ប្រទេសស៊ីរី។
ក្រោយរឹបអូសកប៉ាល់ដឹងប្រេង Grace 1 ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងដោតទង់ជាតិ អង់គ្លេស និងជាកម្មសិទ្ធិរបស់ស៊ុយអែតឈ្មោះ Stena Impero ជាការសងសឹក។ ប៉ុន្តែ បច្ចុប្បន្ន មានការសន្និដ្ឋានជាច្រើនថា កប៉ាល់នេះនឹងត្រូវអ៊ីរ៉ង់ដោះលែងក្នុងពេលឆាប់ៗនេះ៕