(ញូដេលី)៖ នាថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ( Narendra Modi) បាននិយាយថា ប្រទេសលោក អាចក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្នុងរយៈពេលកន្លះទសវត្សរ៍ខាងមុខ ដោយផលទុនជាតិសរុប (GDP) អាចកើនដល់០៥ទី្រលានដុល្លារ (ពាន់ពាន់លាន) ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Times of India នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
លោក ម៉ូឌី បានលើកឡើងដូចខាងលើ ក្នុងឱកាសថ្លែងសារអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៣របស់ប្រទេសឥណ្ឌា នៅឯបន្ទាយក្រហម Red Fort ក្នុងរដ្ឋធានីញូដេលី។ នាឱកាសនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បាននិយាយដូច្នេះថា «ចាប់ពី ឆ្នាំ២០១៤រហូតមកដល់ឆ្នាំ២០១៩ យើងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចទំហំ៣ទ្រីលានដុល្លារ ខណៈមុនពេលនោះ គឺអំឡុង៧០ឆ្នាំកន្លងទៅ ឥណ្ឌាមានទំហំសេដ្ឋកិច្ច២ទ្រីលានដុល្លារ ពួកយើងបានបន្ថែម១ទ្រីលានដុល្លារទៅក្នុងសេដ្ឋកិច្ចរបស់យើង ក្នុងពេលត្រឹម៥ឆ្នាំ។ ដូចនេះហើយ៥ឆ្នាំទៀត យើងរំពឹងថានឹងអាចធ្វើឲ្យទំហំសេដ្ឋកិច្ចប្រទេសឥណ្ឌាកើនដល់៥ទ្រីលានដុល្លារ»។
គួរជម្រាបថា ការថ្លែងសារនៅបន្ទាយក្រហមឆ្នាំនេះ គឺជាឆ្នាំទី០៦ជាប់គ្នាហើយសម្រាប់លោក ម៉ូឌី និងជាលើកដំបូងបន្ទាប់ពីលោក បានបន្តជាប់ឆ្នោតអាណត្តិទីពីរ កាលពីប៉ុន្មានខែមុន។ បើតាមការព្យាករណ៍ នៅឆ្នាំ២០១៩នេះ ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំទី៥នៅលើពិភពលោក បន្ទាប់ពីអាល្លឺម៉ង់ (ទំហំសេដ្ឋកិច្ចជាង៤ទ្រីលានដុល្លារ) ជប៉ុន (ជាង៥ទ្រីលានដុល្លារ) ចិន (ជាង១៤ទ្រីលានដុល្លារ) និងសហរដ្ឋអាមេរិក (ជាង២១ទ្រីលានដុល្លារ)៕