(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសប្ដាហ៍នេះបានបើកកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក្នុងទីក្រុងបែរឡាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Merz បាននិយាយថាសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ បានលុបចោលការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធ ឬមីស៊ីលដែលពួកគេបានផ្ដល់ឱ្យ ហើយចាប់ពីពេលនេះទៅ អ៊ុយក្រែនអាចប្រើ អាវុធទាំងនោះវាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ ការប្រកាសបែបនេះរបស់លោក Merz ធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ខណៈរុស្ស៉ីបើកការវាយប្រហារតាមផ្លូវអាកាស ទ្រង់ទ្រាយធំលើអ៊ុយក្រែន ហើយភាគីសង្រ្គាមទាំង២សងសឹកដាក់គ្នាទៅវិញទៅមកតាមរយៈការវាយប្រហារដោយប្រើដ្រូន។
ការអត្ថាធិប្បាយរបស់លោក Merz បានផ្ដល់ក្ដីសង្ឃឹមឡើងវិញដល់ទីក្រុងកៀវ និងទាញចំណាប់អារម្មណ៍សាជាថ្មីចំពោះលទ្ធភាពដែលអាល្លឺម៉ង់អាចនឹងផ្គត់ផ្គង់មីស៊ីល Taurus ឱ្យអ៊ុយក្រែនដែលលោក ហ្សេលេនស្គី ទទូចសុំជាយូរមកហើយ។ ប៉ុន្តែលោក Merz ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃពុធ ទី២៨ ខែឧសភា បានសន្យាថាអាល្លឺម៉ង់នឹងជួយអ៊ុយក្រែននៅក្នុងការអភិវឌ្ឍ មីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកដីអ៊ុយក្រែន ដោយលោកមិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយពាក់ព័ន្ធនឹងមីស៊ីល Taurus នោះទេ។ អ៊ុយក្រែនជឿថាមីស៊ីល Taurus អាចនឹងជួយកែប្រែស្ថានការណ៍ សង្រ្គាមរបស់ខ្លួនជាមួយរុស្ស៉ី។
* ដូច្នេះអ្វីទៅជាមីស៊ីល Taurus?
Taurus ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយផលិតរួមគ្នាដោយអាល្លឺម៉ង់ និងស៊ុយអែត។ មីស៊ីលនេះមានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ និងអាចវាយកម្ទេចគោលដៅនៅចម្ងាយ ៥០០គីឡូម៉ែត្រ។ Taurus ត្រូវបានផលិត ឡើងក្នុងឆ្នាំ១៩៩៨ ក្រោមកិច្ចសហការផលិតរួមគ្នារវាងក្រុមហ៊ុនអាល្លឺម៉ង់ MBDA Deutschland និងក្រុមហ៊ុនស៊ុយអែត Saab Bofors Dynamics។ ក្បាលគ្រាប់ដ៏មានថាមពលអាចឱ្យមីស៊ីល Taurus បាញ់ទម្លុះ និងបង្កការខូចខាតធ្ងន់ធ្ងរដល់គោលដៅដែលស្ថិតនៅលើដី លើផ្ទៃទឹក និងក្រោមដី ក្នុងនោះរួមមានលេណដ្ឋានក្រោមដី ទីបញ្ជាការទំនាក់ទំនង ឃ្លាំងស្ដុកអាវុធ និងនាវាចម្បាំង។ មីស៊ីលនេះក៏អាចហោះក្នុងរយៈ ចម្ងាយឆ្ងាយដោយមិនចាំបាច់មានការគាំទ្រពី GPS ទៀតផង។ ទោះបីជាអ៊ុយក្រែនបានប្រើប្រាស់រួចទៅហើយនូវមីស៊ីលផ្ដល់ដោយលោកខាងលិចតួយ៉ាងពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏ដោយ ក៏ក្រុមអ្នកជំនាញមួយចំនួន និងក្រុមមន្ត្រីអ៊ុយក្រែនជឿជាក់ថាមីស៊ីល Taurus នឹងក្លាយជាមីស៊ីលមានកម្លាំងខ្លាំងក្លាបំផុតដែលនឹងត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងករណីអាល្លឺម៉ង់យល់ព្រមផ្ដល់មីស៊ីលនេះ ឱ្យទីក្រុងកៀវ ពីព្រោះមីស៊ីលដទៃដែលអ៊ុយក្រែនកំពុងប្រើ អាចបាញ់បានចម្ងាយត្រឹមពាក់កណ្ដាលនៃរយៈចម្ងាយបាញ់របស់មីស៊ីល Taurus និងមិនអាចបំពាក់ក្បាលគ្រាប់ធុនធ្ងន់ដូច Taurus នោះទេ។
* ហេតុអ្វីអាល្លឺម៉ង់នៅតែមិនទាន់ដាច់ចិត្តផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែន?
រដ្ឋាភិបាលអាល្លឺម៉ង់ដឹកនាំដោយអតីតអធិការបតី លោក Olaf Scholz មានការប្រុងប្រយ័ត្នជាខ្លាំងចំពោះការផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន ពីព្រោះតែមិនចង់ឃើញសង្រ្គាមនៅអ៊ុយក្រែន រាលដាលកាន់តែធំ ឬក៏អូសអាល្លឺម៉ង់ រួមទាំង NATO ទាំងមូលធ្លាក់ចូលក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី។ ទីក្រុងមូស្គូបានព្រមានជាច្រើនដងថាប្រសិនបើអ៊ុយក្រែនប្រើប្រាស់អាវុធលោកខាងលិច វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី នោះទីក្រុងមូស្គូនឹងចាត់ទុកប្រទេសដែលផ្ដល់អាវុធទាំងនោះឱ្យអ៊ុយក្រែនថាជាភាគីសង្រ្គាម ឬកំពុងចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម។ ម្យ៉ាង ការស្ទាក់ស្ទើររបស់អាល្លឺម៉ង់ ក៏មានជាប់ពាក់ព័ន្ធដែរនឹងគោលជំហរប្រឆាំង សង្រ្គាមនៃគណបក្ស SPD របស់លោក Scholz។ កន្លងមក អ៊ុយក្រែនអាចប្រើប្រាស់អាវុធលោកខាងលិចវាយប្រហារលើគោលដៅរុស្ស៉ីតែនៅក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ។ ប៉ុន្តែ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោលការរឹតត្បិតនេះដោយបើកភ្លើងបៃតងឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិកវាយប្រហារលើគោលដៅយោធាស្ថិតនៅក្នុងទឹកដីរុស្ស៉ី ដូចជាតំបន់ Kursk ជាដើម។ កាលពីខែមីនា ឆ្នាំ២០២៤ រុស្ស៉ីបានចូលលួចស្ដាប់កិច្ចសន្ទនាសម្ងាត់មួយនៅក្នុងចំណោមថ្នាក់ដឹកនាំយោធាអាល្លឺម៉ង់ដែលបានពិភាក្សាគ្នាថាតើពួកគេអាចបញ្ចុះបញ្ចូលឱ្យលោក Scholz បញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនដែរឬទេ? ហើយតើមីស៊ីលនេះអាចបំផ្ទុះកម្ទេចស្ពាន Kerch ដែលតភ្ជាប់រុស្ស៉ីជាមួយតំបន់គ្រីមៀ បានដែរឬក៏យ៉ាងណា?
* តើអាល្លឺម៉ង់កំពុងផ្លាស់ប្ដូរចិត្តឬ?
ទីក្រុងបែរឡាំងត្រូវបានគេមើលឃើញថាហាក់កំពុងចាប់ផ្ដើមផ្លាស់ប្ដូរចិត្ត នៅក្រោមរដ្ឋាភិបាលថ្មីរបស់លោក Merz។ ក្នុងនាមជាសមាជិកសភាបក្សប្រឆាំងមួយរូប លោក Merz ដែលជាប្រធានគណបក្សអភិរក្សនិយម Christian Democratic Union (CDU) ធ្លាប់បានដាក់សម្ពាធឱ្យលោក Scholz ផ្ដល់មីស៊ីល Taurus ទៅឱ្យអ៊ុយក្រែន ហើយចង់ឱ្យអាល្លឺម៉ង់ប្រកាន់ជំហរឱ្យបានតឹងរ៉ឹងប្រឆាំងនឹងរុស្ស៉ី។
អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Merz បានសន្យាថានឹងគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំ ក្នុងនោះរួមមានទាំងផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយជាដើម។ តែទោះជាបែបនេះក្ដី រដ្ឋាភិបាលចម្រុះរបស់លោកសព្វថ្ងៃ ក៏មានការចូលរួមពីគណបក្ស SPD របស់លោក Scholz ដែរ។ ជំនួសឱ្យការសន្យាផ្ដល់មីស៊ីល Taurus លោក Merz កាលពីថ្ងៃពុធ បានសន្យាជាមួយលោក ហ្សេលេនស្គីថាអាល្លឺម៉ង់នឹងជួយអ៊ុយក្រែននៅក្នុង ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកដីអ៊ុយក្រែន ហើយដែលការសន្យានេះហាក់ដូចជាគោលជំហរសម្រុះសម្រួលមួយ។ លោក Merz ក៏បានសន្យាដែរថាការផ្ដល់ហិរញ្ញវត្ថុលើគម្រោងនេះនឹងត្រូវបានលើក យកទៅពិភាក្សាក្នុងពេលដ៏ខ្លីខាងមុខនៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ដែលនឹងត្រូវធ្វើឡើងនៅប្រទេសកាណាដានៅខែមិថុនាក្រោយនេះ។ លោក Michael Bociurkiw ជាអ្នកជំនាញម្នាក់មកពីស្ថាប័ន Atlantic Council យល់ថាការសន្យារបស់លោក Merz នៅតែមានសារៈសំខាន់ ពីព្រោះថាវាជាការសន្យាជាក់ស្ដែងដំបូងបំផុតរបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ លោក Merz បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ WDR ថាលែងមានទៀតហើយការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធដែលផ្ដល់ទៅឱ្យអ៊ុយក្រែន មិនថាផ្ដល់ដោយអង់គ្លេស បារាំង អាល្លឺម៉ង់ ឬក៏សហរដ្ឋអាមេរិកនោះទេ។ លោក Merz មិនបានបញ្ជាក់ឱ្យច្បាស់ៗថាតើអាល្លឺម៉ង់នឹងបញ្ជូនមីស៊ីល Taurus ទៅឱ្យអ៊ុយក្រែនឬក៏យ៉ាងណានោះទេ តែការអត្ថាធិប្បាយរបស់លោកបានបង្កឱ្យមានការសង្ស័យ ក្នុងចំណោមក្រុមអ្នកវិភាគ។ រហូតដល់ថ្ងៃអង្គារ ទើបលោក Merz បញ្ជាក់ឡើងវិញថាអ្វីដែលលោកបាននិយាយ គឺចង់សំដៅទៅលើការគាំទ្ររបស់លោកចំពោះសិទ្ធិរបស់អ៊ុយក្រែន ដើម្បីការវាយប្រហារលើ គោលដៅយោធាក្នុងទឹកដីរុស្ស៉ី។ «កាលពីម្សិលមិញ (ថ្ងៃចន្ទ) ក្នុងទីក្រុងបែរឡាំង ខ្ញុំបាននិយាយពីរឿងដែលបានកើតឡើងរួចទៅហើយកាលពីប៉ុន្មានថ្ងៃមុន»។ នេះជាការលើកឡើងរបស់លោក Merz ដោយជំរុញឱ្យ មានការរិះគន់ពីគណបក្ស SPD និងក្រុមចម្រុះនៅក្នុងរដ្ឋាភិបាលរបស់លោក។
តាមលោក John Foreman ទោះជាអាល្លឺម៉ង់ផ្ដល់មីស៊ីល Taurus ឱ្យអ៊ុយក្រែនក្នុងពេលនេះក៏ដោយ ក៏មើលទៅ វាមិនអាចជួយឱ្យអ៊ុយក្រែនមានប្រៀបលើរុស្ស៉ីនោះទេ។ អ្នកជំនាញមកពីស្ថាប័ន Chatham House មានមូលដ្ឋានក្នុងចក្រភពអង់គ្លេសរូបនេះ បន្ថែមថាការផ្ដល់មីស៊ីល Taurus អាចជាជ័យជម្នះជានិមិត្តរូបប៉ុណ្ណោះសម្រាប់អ៊ុយក្រែន ជាជាងជ័យជម្នះខាងយុទ្ធសាស្ត្រ។ ពីព្រោះលោកយល់ថាការផ្ដល់មីស៊ីល Taurus នៅពេលនេះ វាយឺតពេលពេកណាស់ទៅហើយដើម្បីកែប្រែទិសដៅទាំងស្រុងនៃសង្រ្គាមសព្វថ្ងៃ៕