(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា នាល្ងាចថ្ងៃព្រហស្បតិ៍នេះព្យុះទីហ្វុង «ក្រសា» បានបោកបក់ហួសទីក្រុងគូរិ (Kure) នៃខេត្តហ៊ីរ៉ូស៊ីម៉ាហើយ បន្ទាប់ពីបានធ្វើឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់, ២៨នាក់ទៀតរងរបួស និងជាងកន្លះលាននាក់ត្រូវជម្លៀសខ្លួន នៅតាមខេត្តចំនួន ១១ ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានក្យូដូ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរឧតុនិយមជប៉ុន បានបង្កើនការប្រកាសអាសន្នរហូតដល់កម្រិតទី ៤ (ខ្ពស់បំផុតគឺកម្រិត៥) ដែលជាកម្រិតខ្លាំងមួយ ខណៈជើងហោះហើរយន្តហោះសរុប ៧០០ជើង ដែលគ្រោងឆ្ពោះទៅកាន់ ឬក៏ចេញពីតំបន់ភាគខាងលិចប្រទេសជប៉ុន ត្រូវផ្អាកជាបណ្តោះអាសន្ន។ រីឯមធ្យោបាយធ្វើដំណើរតាមរថភ្លើងនៅតាមតំបន់នោះ ក៏ត្រូវផ្អាកនិងកាត់បន្ថយប្រតិបត្តិការផងដែរ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងក្រសាដែលជាព្យុះទីហ្វុងទី ១០ ក្នុងឆ្នាំនេះ បាននិងកំពុងបង្កជាភ្លៀងធ្លាក់យ៉ាងគំហុក ដែលអាចលោតដល់កម្រិតសរុប ១,២០០មីលីម៉ែត្រ និងខ្យល់បោកបក់ខ្លាំងរហូតដល់ ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបណ្តាលឲ្យកើតមានទឹកជនន់ ព្រមទាំងគ្រោះរអិលបាក់ដី។ ដោយឡែកបុរសវ័យចំណាស់ម្នាក់ ដែលបានបាត់ជីវិតនោះគឺមានឈ្មោះថា អូណូមីឈិ (Onomichi) អាយុ ៨២ឆ្នាំ ដោយលោកតាបានធ្លាក់ពីលើកប៉ាល់ចូលក្នុងទឹកសមុទ្រ៕