(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃព្រហស្បតិ៍នេះបានសន្យាថា នឹងបង្កើតកិច្ចប្រឹងប្រែង ដើម្បីរួបរួមគ្នាវិញជាមួយកូរ៉េខាងជើង ឲ្យបាននៅត្រឹមឆ្នាំ២០៤៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
ក្នុងឱកាសខួប ៧៤ឆ្នាំ នៃការមានសេរីភាពឡើងវិញរបស់ឧបទ្វីបកូរ៉េ ក្រោយការគ្រប់គ្រងរបស់ប្រទេសជប៉ុន លោក មូន ចេអ៊ីន បានធ្វើការសន្យាថា រូបលោកនឹងព្យាយាមប្រឹងប្រែង បង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីឲ្យប្រទេសទាំងពីរធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០៣២ ហើយនៅឆ្នាំ២០៤៥ ដែលជាខួប ១០០ឆ្នាំនៃថ្ងៃរំដោះឧបទ្វីបកូរ៉េ អាចឈានដល់ការបង្រួបបង្រួមគ្នា នៃបងប្អូនទាំងពីរឲ្យក្លាយជាប្រទេសតែមួយ។
បើតាមចក្ខុវិស័យរបស់លោក មូន ចេអ៊ីន ប្រទេសកូរ៉េដែលរួបរួមគ្នា អាចក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ខ្លាំងមួយនៅលើពិភពលោក ហើយមានទីផ្សារធំជាមួយចំនួនប្រជាជនខ្ទង់ ៨០លាននាក់។
គួរជម្រាបថា ថ្ងៃទី១៥ ខែសីហា គឺជាថ្ងៃឈប់សម្រាកទាំងនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីអបអរជ័យជម្នះលើជប៉ុន នៅពេលកងទ័ពអាមេរិក និងអតីតសហភាពសូវៀត បានចូលមកបញ្ចប់ការគ្រប់គ្រងរបស់ជប៉ុននៅឧបទ្វីបកូរ៉េ ដែលបានអូសបន្លាយពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ នោះជាស្ថាពរ។ យ៉ាងណាមិញ ក្រោយមកប្រទេសកូរ៉េត្រូវបានបែកខ្ញែកជាពីរ ខណៈសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅត្រឹមបទឈប់បាញ់ប៉ុណ្ណោះ ដោយពុំមានសន្ធិសញ្ញាសន្តិភាពពេញលេញឡើយ៕