(ម៉ូស្គូ)៖ មនុស្សយ៉ាងហោចណាស់ ២៣នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A321 ផ្ទុកមនុស្សសរុប ២២៦នាក់ និងក្រុមអាកាសយានិក 0៧នាក់ បានរអិលចេញពីផ្លូវកំឡុងពេលធ្វើការចុះចតបន្ទាន់ នៅឯអាកាសយានដ្ឋានអន្តរជាតិ ហ្ស៊ូកូវស្កាយ (Zhukovsky) នៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
បើតាមមន្ត្រីនៃក្រសួងចាត់ចែងគ្រាមានអាសន្នរបស់រុស្ស៊ី យន្តហោះខាងលើនេះបានធ្វើការ ចុះចតយ៉ាងបន្ទាន់នៅព្រលានយន្តហោះខាងលើនេះ រួចបន្ទាប់មកម៉ាស៊ីនមួយចំហៀងរបស់ វាបានឆាបឆេះឡើងតែម្តង ជាហេតុនាំឲ្យក្រុមសង្គ្រោះប្រញាប់ប្រញាល់ ធ្វើការជម្លៀស មនុស្សម្នាទាំងអស់ចេញពីយន្តហោះយ៉ាងទាន់ហន់ផងដែរ។
យន្តហោះ Airbus A321 (ពីដំឡូងឡើយមានការភ័ន្តច្រឡំថា A320) នេះជាកម្មសិទ្ធិរបស់អាកាសចរណ៍ អូរ៉ាល់ (Ural airlines) បានបង្ខំធ្វើការចុះចតមកវិញនេះ ក៏ព្រោះតែមានបក្សីមួយក្បាលហោះ ចូលក្នុងម៉ាស៊ីនរបស់យន្តហោះ។ ពីដំបូងឡើងអាជ្ញាធររុស្ស៊ីបានអះអាងថា មនុស្សតែជាង ១០នាក់ប៉ុណ្ណោះបានទទួលរងរបួសស្រាល ក្នុងនោះ០៣នាក់ជាកុមារ។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះត្រូវបានគេអះអាងថា ធ្វើដំណើរទៅនិងមកទីក្រុង ស៊ីហ្វឺរ៉ូផូល (Simferopol) នៃតំបន់គ្រីមា (Crimea) ដែលប្រទេសរុស្ស៊ីកំពុងគ្រប់គ្រង ហើយការស៊ើបអង្កេតមួយក៏ត្រូវធ្វើឡើងផងដែរ ដើម្បីស្វែងរកមូលហេតុជាក់លាក់ជាងនេះនៃគ្រោះថ្នាក់ខាងលើ៕