(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចាត់វិធានការរឹតត្បិតមួយចំនួន ក្នុងការនាំចូលមាសចាប់តាំងពីខែឧសភា ក្នុងគោលបំណងទប់ស្កាត់លំហូរប្រាក់ដុល្លារ និងដើម្បីពង្រឹងលុយយ័ន ខណៈសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍ខាងលើនេះ ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ ដែលខ្លួនទទួលបានពីក្រុមឧស្សាហកម្មមាសជាមួយការបញ្ជាក់ទៀតថា ចិនបាននាំចូលមាស «៥៧៥តោន» នៅក្នុងឆមាសទីមួយឆ្នាំ២០១៩នេះ ពោលគឺធ្លាក់ចុះពី «៨៨៦តោន» បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៩ ចិនបាននាំចូលមាស ៧១តោន បើធៀបទៅនឹងខែឧសភា ឆ្នាំ២០១៨ គឺ ១៥៧តោន។ ដោយឡែកកាលពីខែមិថុនា កន្លងទៅ ការនាំចូលមាសរបស់ចិននៅតែបន្តធ្លាក់ចុះមកនៅត្រឹម ៥៧តោន បើធៀបទៅនឹងខែមិថុនា ឆ្នាំ២០១៨ មានរហូតដល់១៩៩តោន។ ប្រទេសចិន និងរុស្ស៊ីនាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺស្ថិតនៅក្នុងលេខរៀងកំពូល នៃបណ្តាប្រទេសដែលទិញមាសស្កុកទុកក្នុងធនគារកណ្តាល ក្នុងអត្រាច្រើនបំផុតរៀងៗខ្លួន៕