(តូក្យូ)៖ អាជ្ញាធរប៉ុនកំពុងតែជម្លៀសប្រជាជនចេញពីបណ្តាខេត្ត ស្ថិតនៅភាគខាងលិចប្រទេស ប្រមាណ ៥៨០,០០០នាក់ ខណៈព្យុះទីហ្វុងក្រសា (Krosa) ត្រូវបានគេអះអាងថា នឹងមកដល់នៅក្នុងថ្ងៃព្រហស្បតិ៍នេះហើយ ដោយប្រជាជននៅលើកោះគ្យូស៊ុ (Kyushu) និង ស៊ីគុគូ (Shikoku) ប្រមាណ ២៨០,០០០គ្រួសារអាចនឹងប្រឈមមុខ គ្រោះមហន្តរាយទឹកជំនន់ និងលំហូរល្បាប់ភក់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
ដោយឡែកកាលពីសប្តាហ៍មុននេះ តួលេខចុងក្រោយទើបតែបង្ហាញថា ជប៉ុនបានទទួលរងគ្រោះ ដោយរលកកម្តៅមិនធ្លាប់មាន ដោយសីតុណ្ហភាពអាកាសធាតុបានលោតដល់ក្បែរ ៤០អង្សាសេ ជាហេតុនាំឲ្យមនុស្សរហូតដល់ជិត ៦០នាក់បាត់បង់ជីវិត និងរាប់សែននាក់ទៀត ចូលសម្រាកនៅមន្ទីរពេទ្យ ដែលភាគច្រើនសុទ្ធតែជាមនុស្សវ័យ ចំណាស់ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ។
រំលងមិនបានប៉ុន្មានថ្ងៃផង គ្រោះធម្មជាតិថ្មីមួយទៀតបានមកដល់ នោះគឺព្យុះទីហ្វុងក្រសាតែម្តងត្រូវបានគេរំពឹងថា នឹងបង្កជាភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់បោកបក់ខ្លាំង ដែលអាចបណ្តាលឲ្យកើតមានគ្រោះរអិលបាក់ដី នៅបណ្តាខេត្តភាគខាងលិច និងខាងត្បូងជប៉ុនផងដែរ។ អាជ្ញាធរឧតុនិយមជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះទើបតែបានបង្កើន ការប្រកាសអាសន្ន រហូតដល់កម្រិតទី ៤ (ខ្ពស់បំផុតគឺកម្រិត៥) ដែលជាកម្រិតខ្លាំងមួយ ខណៈជើងហោះហើរ យន្តហោះសរុប ៧០០ជើង ដែលគ្រោងទៅកាន់តំបន់ភាគខាងលិចប្រទេសជប៉ុន ត្រូវផ្អាកជាបណ្តោះអាសន្ន៕