Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ ថតយករូបភាពអស្ចារ្យមួយនៃព្រះច័ន្ទដែលជិតពេញបូណ៌មី

15-08-2019 10:32

(បរទេស)៖ ព្រះច័ន្ទដែលជិតដល់ពេលពេញវង់ បានបង្ហាញខ្លួនក្នុងរូបភាពអស្ចារ្យថ្មីមួយ ថតបានកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយក្រុមអវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ក្រុមអវកាសយានិកបានផ្តិតយកទិដ្ឋភាពដ៏គួរឲ្យគយគន់នៃព្រះច័ន្ទ ដែលស្ទើរតែមូលក្រឡង់ និងរំលេចខ្លួនយ៉ាងធំច្បាស់នោះ កំឡុងពេលដែលស្ថានីយអវកាស ISS ស្ថិតនៅកម្ពស់៤៣៤គីឡូម៉ែត្រ ពីលើតំបន់ភាគខាងត្បូងរបស់មហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែក នៅយប់ថ្ងៃព្រហស្បតិ៍នេះ ព្រះច័ន្ទនឹងពេញបូណ៌មី។

គួរជម្រាបថា ព្រះច័ន្ទដែលពេញវង់ក្នុងខែសីហា ត្រូវគេហៅថា Sturgeon Moon។ តាមពិតទៅ បាតុភូតព្រះច័ន្ទពេញបូណ៌មីប្រចាំ ខែទាំង១២ គឺសុទ្ធតែមានឈ្មោះសម្រាប់ហៅរបស់ពួកវា។ តួយ៉ាង ដូចជាព្រះច័ន្ទពេញបូណ៌មីខែកញ្ញា មានឈ្មោះថា Full Corn Moon, នៅខែតុលា ហៅថា Hunter Moon, នៅខែវិច្ឆិកា ហៅថា Beaver's Moon, នៅខែធ្នូ ហៅថា Cold Moon៕