(ស៊ីរី)៖ យន្ដហោះចម្បាំងមួយគ្រឿង របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រូវបានបាញ់ទម្លាក់ ខណៈ ការវាយប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងនៅក្នុងខេត្ត Idlib គ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរី នៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមប្រភពពីក្រុមឧទ្ទាមស៊ីរី យន្ដហោះចម្បាំង Sukhoi ផលិតដោយរុស្ស៊ី ខាងលើត្រូវបានបាញ់ទម្លាក់ ដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham (HTS) នៅឯ តំបន់ al-Tamanaa ស្ថិតនៅក្បែរទីក្រុង Khan Sheikhoun។ រីឯ ពីឡុតបើកយន្ដហោះចម្បាំង នេះក៏ត្រូវបានក្រុមមួយនេះចាប់ខ្លួនផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងដាម៉ាស់ នៅមិនទាន់ទទួល ស្គាល់ការអះអាងនេះទេ។

គួរជម្រាបថា បច្ចុប្បន្ន កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមានជំនួយពីរុស្ស៊ី កំពុងបើកការវាយលុក យ៉ាងសន្ធាប់ទៅលើខេត្ត Idlib ដែលជាមូលដ្ឋានដ៏រឹងមាំចុងក្រោយបំផុតរបស់ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។ ការវាយប្រហារប៉ុន្មានថ្ងៃចុងក្រោយនេះ បានផ្ដាច់ជីវិតសមាជិកក្រុមអ្នកប្រយុទ្ធឧទ្ទាម៣០នាក់៕