(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានចោទប្រកាន់រុស្ស៊ីថា កំពុងផលិត និងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ដោយលួចបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Spuntik នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។
លោក John Bolton ធ្វើការអះអាងដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនាពេលថ្មីៗនេះ និងចង់សំដៅទៅលើហេតុការណ៍ផ្ទុះកំឡុងពេលធ្វើតេស្ដអាវុធថ្មីមួយ របស់រុស្ស៊ីនៅឯតំបន់ Arkhangelsk។ ដោយឡែក ជុំវិញហេតុការណ៍ផ្ទុះនេះដែរ ទីប្រឹក្សា សន្តិសុខជាតិរូបនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រុស្ស៊ីមិនមែនត្រឹមតែកំពុងធ្វើទំនើបកម្មអាវុធ នុយក្លេអ៊ែររបស់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏កំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ដោយលួចបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅ អ្នកវិទ្យាសាស្ត្ររុស្ស៊ី៥នាក់ បានស្លាប់នៅ ក្នុងការផ្ទុះដ៏សម្បើមមួយកើតឡើងកំឡុងពេលធ្វើតេស្ដម៉ាស៊ីនសម្រាប់មីស៊ីលនុយក្លេអ៊ែរស៊េរី ថ្មី នៅឯទីក្រុង Nyonoksa នៃតំបន់ Arkhangelsk។ ម្យ៉ាងវិញទៀត ការធ្វើតេស្ដនេះទៀត សោត ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយរុស្ស៊ី និងសហរដ្ឋអាមេរិក បានដកខ្លួនជា ផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF)៕