(អ៊ីស្លាម៉ាបាត)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានចោទប្រកាន់ថាឥណ្ឌា មានផែនការធ្វើសកម្មភាពយោធានៅក្នុងតំបន់កាស្មៀ ដែលជាដែនដីជម្លោះរវាងប្រទេស ទាំងពីរអស់រយៈពេលរាប់ទសវត្សរមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

លោក Imran Khan ធ្វើការកត់សម្គាល់ខាងលើនាឱកាសថ្លែងសារអបអរសាទរទិវាឯករាជ្យ ជាតិនៅថ្ងៃពុធនេះ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បានលើកឡើងដូច្នេះថា៖«ឥណ្ឌាមាន ផែនការធ្វើសកម្មភាពយោធានៅក្នុងតំបន់ Azad Kashmir ហើយយោធាប៉ាគីស្ថានក៏បាន ដឹងពីផែនការនេះយ៉ាងច្បាស់ដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ឥណ្ឌាបានលុបចោលសិទ្ធិស្វ័យភាព លើ តំបន់ Jammu and Kashmir ជាហេតុធ្វើឱ្យប៉ាគីស្ថានផ្អាកការធ្វើពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយទំនាក់ទំនងការទូតឥណ្ឌា ជាការសម្ដែងការប្រឆាំងជំទាស់នឹងការសម្រេចចិត្ត នេះ៕