(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានថ្កោលទោសគម្រោងបេសកកម្ម ល្បាតឈូងសមុទ្រពែករបស់សហរដ្ឋអាមេរិក និងបានលើកឡើងថា វាជារឿងមិនចាំបាច់ឡើយដោយបណ្តាប្រទេសនៅជុំវិញតំបន់នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខក្នុងតំបន់បានហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
លោក Rouhani បាននិយាយថា មិនចាំបាច់ត្រូវការទាក់ទាញកម្លាំងបរទេស ដើម្បីមកជួយរក្សាសន្តិសុខនៅឈូងសមុទ្រពែកនោះទេ។ បើតាមលោកប្រធានាធិបតីអ៊ីរ៉ង់ ក្រុមប្រទេសអារ៉ាប់នៅតំបន់នេះ គួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងរួបរួមសាមគ្គីគ្នាដើម្បីធានាសន្តិសុខ និងសន្តិភាពនៅឈូងសមុទ្រពែក ខណៈសកម្មភាពរបស់អាមេរិក នឹងគ្មានប្រយោជន៍សម្រាប់ប្រទេសណាមួយឡើយ។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង់គ្លេសទើបបានចល័តនាវាចម្បាំងមួយគ្រឿង ឲ្យចូលរួមក្នុងបេសកកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅឈូងសមុទ្រពែក។ ក្នុងកិច្ចប្រឹងប្រែងចម្រុះអន្តរជាតិ ដើម្បីល្បាតការពារសន្តិសុខនៅតំបន់នេះ សហរដ្ឋអាមេរិកបានហៅសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងនៅអាស៊ី-ប៉ាស៊ីហ្វិក ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ឲ្យចូលរួមជាមួយ ប៉ុន្តែប្រទេសខ្លះបានបដិសេធ និងខ្លះទៀតកំពុងស្ទាក់ស្ទើរក្នុងចិត្ត ដូចជាអាល្លឺម៉ង់ជាដើម។
អាមេរិកបានផ្តួចផ្តើមបែបនេះ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងនៅច្រកសមុទ្រ Hormuz ជាប់ឈូងសមុទ្រពែក ដែលទំនងជាការសងសឹក ចំពោះការដែលអង់គ្លេសឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅច្រកសមុទ្រតំបន់ Gibraltar។ ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ កាលពីម្សិលមិញអ៊ីរ៉ង់ជឿជាក់ថា ទីក្រុងឡុងដ៍អាចនឹងដោះលែង កប៉ាល់ដឹកប្រេងខ្លួនក្នុងពេលឆាប់ៗនេះ៕