(ហុងកុង)៖ កំពូលតារាសម្តែងភាពយន្តចិន-ហូលីវូដ និងជាគ្រូក្បាច់គុណកុងហ្វូដ៏ល្បីល្បាញលើពិភពលោក ដែលមានដើមកំណើតមកពីទីក្រុងហុងកុង គឺលោក ជែកគី ចាន់ ហៅ ឈិនឡុង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលបាន និងកំពុងតែកើតឡើងនៅលើទឺកដីដើមកំណើតរបស់លោក នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈលោកបានចូលរួមក្នុងយុទ្ធនាការគាំទ្រក្រុងប៉េកាំង ដើម្បីការពារទង់ជាតិចិននៅទឹកដីស្វយ័តចិននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្សី RT នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន CCTV តារាហូលីវូទដ៏ល្បីឈ្មោះរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ ជុំវិញបាតុកម្មតវ៉ានៅហុងកុងយ៉ាងដូច្នេះថា «វាពិតជារឿងដ៏គួរឲ្យអស់សង្ឃឹម និងព្រួយបារម្ភខ្លាំងណាស់ចំពោះអ្វីដែលកំពុងកើតឡើងនៅលើដែនដីនៃអតីតអាណានិគមរបស់អង់គ្លេសមួយនេះ។»
ជាមួយគ្នានេះលោក ជែកគី ចាន់ ក៏បាននិយាយដែរថា លោកបានចូលរួមក្នុងយុទ្ធនាការ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បន្ទាប់ពីក្រុមបាតុករមួយក្រុមបានយកទង់ជាតិចិន ដែលកំពុងដោតនៅលើកំពង់ផែ វីចតូរៀ (Victoria Harbor) ហើយបានបោះវាចូលទៅក្នុងទឹកសមុទ្រ និងបានយកទង់ពណ៌ក្រហមដែលមានសរសេរពាក្យថា «ឯករាជ្យភាពហុងកុង» មួយផ្សេងទៀតមកជំនួសវិញ កាលពីដើមខែសីហានេះ។
គួរបញ្ជាក់ថា យុទ្ធនាការរបស់លោក ឈិនឡុង ខាងលើនេះមានឈ្មោះថា «ទង់ក្រហមផ្កាយប្រាំ មានឆ្មាំការពារ ១.៤ ពាន់លាននាក់» ដែលសំដៅទៅចំនួនប្រជាជនចិនទាំងអស់ ចេញមកការងារទង់ជាតិរបស់ខ្លួន។ ដោយឡែកទង្វើរបស់បាតុករមួយចំនួនខាងលើនេះ បានបង្កឱ្យមានផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនចិនដីគោក ខណៈអជ្ញាធរចិនសន្យាថា នឹងផ្តល់រង្វាន់ជូន ១២៧.០០០ដុល្លារអាមេរិក សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យ៕