(ម៉ូស្គូ)៖ យន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-27 បានបណ្តេញយន្តហោះចម្បាំង F-18 មួយគ្រឿងរបស់អង្គការ NATO ដែលបាន ព្យាយាមហោះតាមយន្តហោះរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី គឺលោក Sergey Shoigu នៅលើដែនអាកាសអន្តរជាតិ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ហេតុការណ៍បានកើតឡើងនៅលើផ្ទៃអាកាសនៃសមុទ្របាល់ទិក កំឡុងពេលដែលលោក Shoigu បានធ្វើដំណើរវិលត្រឡប់មកពីតំបន់ Kaliningrad នៃប្រទេសរុស្ស៊ី ដោយមានយន្តហោះចម្បាំង Su-27 ០២គ្រឿងអម ដំណើរ។ ខណៈយន្តហោះចម្បាំង F-18 មួយគ្រឿងរបស់ NATO បានព្យាយាមហោះមកក្បែរយន្តហោះរបស់លោក Shoigu យន្តហោះចម្បាំងនោះ ក៏ត្រូវបានបណ្តេញឲ្យចេញទៅឆ្ងាយវិញ ដោយយន្តហោះចម្បាំងរុស្ស៊ី។
គួរជម្រាបថា រឿងហេតុស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងនៅលើសមុទ្របាល់ទិក កាលពីឆ្នាំ២០១៦ផងដែរ។ នាពេលនោះ យន្តហោះចម្បាំង Eurofighter Typhoon មួយគ្រឿងរបស់អង្គការ NATO បានហោះតាមយន្តហោះរបស់ប្រមុខការពារជាតិរុស្ស៊ី តែគ្រានោះគឺស្ថិតនៅចម្ងាយដល់ទៅ០២គីឡូម៉ែត្រឯណោះ៕