Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីក្រុងប៉េកាំង ទាត់ចោលសំណើទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិក ខណៈកងទ័ពចិនកំពុង ចល័តទៅតំបន់ក្បែរព្រំដែនទីក្រុងហុងកុង (Video inside)

14-08-2019 09:45

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាចិនបានទាត់ចោលសំណើបំពេញទស្សនកិច្ច របស់នាវាចម្បាំងអាមេរិកពីរគ្រឿងមកកាន់កំពង់ផែទីក្រុងហុងកុង ចំពេលដែលមានសេចក្ដី រាយការណ៍ថា កងទ័ពចិនចាប់ផ្ដើមចល័តទៅកាន់តំបន់ក្បែរព្រំដែននៃទីក្រុងមួយនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ទៀតថា នាវាទាំងពីរខាងលើមួយជានាវា USS Green Bay ដែលបានដាក់សំណើបំពេញទស្សនកិច្ច មកកាន់កំពង់ផែទីក្រុងហុងកុង នៅចុងខែសីហានេះ រីឯនាវាចម្បាំងបំពាក់មីស៊ីល USS Lake Erie បានដាក់សំណើបំពេញទស្សនកិច្ចនៅក្នុងខែកញ្ញា ខាងមុខនេះ។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធសំណើពីភាគីចិននោះទេ។

គួរជម្រាបថា ចិនធ្លាប់បានបដិសេធសំណើដូចខាងលើ លើកចុងក្រោយបំផុត សម្រាប់នាវា ចម្បាំង Wasp កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ ប៉ុន្តែ សំណើបំពេញដំណើរទស្សនកិច្ច របស់នាវាចម្បាំងអាមេរិក USS Green Bay និង USS Lake Erie កើតមានឡើងចំពេល ទីក្រុង ហុងកុងកំពុងជួបភាពចលាចលដោយសារតែបាតុកម្មតវ៉ា ខណៈមានសេចក្ដីរាយការណ៍ ថាចិន បានបញ្ជូនរថពាសដែក និងរថក្រោះជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរ ព្រំដែនទីក្រុងហុងកុង៕