(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមបាតុករបានធ្វើការប្រមូលផ្តុំគ្នាពាសពេញសាល នៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុងជាថ្មីទៀតនា ថ្ងៃអង្គារនេះ ដែលបង្ខំឲ្យជើងហោះហើរនៅសេសសល់ទាំងប៉ុន្មានត្រូវលុបចោល៕

 

២៖ ចក្រភពអង់គ្លេសបានបញ្ជូននាវាចម្បាំងមួយគ្រឿងថ្មីទៅកាន់ឈូងសមុទ្រពែក ដែលលើកនេះគឺជាផ្នែក នៃបេសកកម្ម ល្បាតការពារសន្តិសុខនៅតំបន់នោះ ក្រោមការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក៕

 

៣៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់ ២៤នាក់ហើយក្នុងគ្រោះទឹកជំនន់ និងរអិបាក់ដីនៅតំបន់ខ្ពស់រាបភាគកណ្ដាលនៃប្រទេស គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញនេះ ខណៈមនុស្ស០៦នាក់នៅតែកំពុងបាត់ខ្លួន៕

 

៤៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-95MS ចំនួន០២គ្រឿង ទើបតែបញ្ចប់ការ ហោះហើរល្បាតលើដែនសមុទ្រចំនួន០៣ ដែលស្ថិតនៅភាគពាយ័ព្យប្រទេសរបស់ខ្លួន៕

 

៥៖ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិនបានកើនដល់៤៩ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ខណៈមនុស្ស២១នាក់ កំពុងបន្តបាត់ខ្លួន៕

 

៦៖ យានអវកាសតូចមួយដែលប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរ ដោយផ្អែកលើប្រភពថាមពលពន្លឺព្រះអាទិត្យ (Solar Sail) កាលពីប៉ុន្មានខែមុន បានសម្រេចជោគជ័យក្នុងការធ្វើតេស្ត នៅទីគន្លងអវកាសរបស់ផែនដីហើយ ខណៈបច្ចេកវិទ្យានេះត្រូវគេបានរំពឹងថា នាថ្ងៃអនាគតនឹងអាចជួយឲ្យការធ្វើដំណើរក្នុងទីអវកាស កាន់តែមានប្រសិទ្ធភាពថែមទៀត៕