(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានបញ្ជូននាវាចម្បាំងមួយគ្រឿងថ្មីទៅកាន់ឈូងសមុទ្រពែក ដែលលើកនេះគឺជាផ្នែកនៃបេសកកម្ម ល្បាតការពារសន្តិសុខនៅតំបន់នោះ ក្រោមការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពី សារព័ត៌មាន រុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
ការចល័តនាវាចម្បាំងនេះធ្វើឡើង បន្ទាប់ពីទីក្រុងឡុងដ៍បានចុះឈ្មោះចូលរួម ផែនការបង្កើតកងកម្លាំងចម្រុះដើម្បីរក្សាសន្តិសុខ នៅតំបន់ឈូងសមុទ្រពែក ដែលបានស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន ចំពោះមុខភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ អាមេរិក បានស្នើបែបនេះ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង នៅច្រកសមុទ្រ Hormuz ជាប់ ឈូងសមុទ្រពែក ដែលទំនងជាការសងសឹកចំពោះការដែលអង់គ្លេសចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅច្រកសមុទ្រតំបន់ Gibraltar។
ក្នុងកិច្ចប្រឹងប្រែងចម្រុះអន្តរជាតិនេះ សហរដ្ឋអាមេរិកបានហៅសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងនៅអាស៊ី-ប៉ាស៊ីហ្វិក ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី ឲ្យចូលរួមជាមួយ ប៉ុន្តែខ្លះបានបដិសេធ និងខ្លះទៀតកំពុង ស្ទាក់ស្ទើរក្នុងចិត្ត។
គួរជម្រាបថា បច្ចុប្បន្ន អង់គ្លេសមាននាវាចម្បាំង០២គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក។ នាវាចម្បាំងថ្មី ខាងលើដែលមានឈ្មោះថា Kent នឹងត្រូវជំនួសនាវាចម្បាំង Duncan ខណៈនាវាចម្បាំងមួយទៀតឈ្មោះ Montrose នឹងបន្តរក្សា វត្តមាននៅទីនោះដដែល៕