(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហោះសារមួយនិយាយ អំពីពេលវេលារាប់ថយក្រោយ ដោយចង់បញ្ជាក់ពីកាលបរិច្ឆេទដែលនៅសល់ នៅមុនការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអាវុធរបស់អង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ត្រូវអស់សុពលភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
តាមរយៈសារបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលវេលាកំពុងដើរទៅមុខយ៉ាងលឿន...។ ពេលវេលាដែលនៅសល់ មុននឹងទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ អស់សុពលភាព ហើយមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក កាសេម សូឡៃម៉ានី (Qasem Soleimani) ត្រូវជាប់បម្រាមក្នុងការធ្វើដំណើរត្រូវបញ្ចប់។ យើងសូមជំរុញឱ្យសម្ព័ន្ធមិត្ត និងដៃគូរបស់យើងបង្កើនការដាក់សម្ពាធលើរបបដឹកនាំអ៊ីរ៉ង់ រហូតដល់របបមួយនេះបញ្ឈប់អាកប្បកិរិយាបង្កអស្ថេរភាព»។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងអ៊ីរ៉ង់ ក្រោយលោក ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨កន្លងទៅ ដែលជាការធញវើតាមពាក្យសន្យាចំពោះប្រជាជនអាមេរិក។ ប៉ុន្តែ ទន្ទឹមគ្នាអ៊ីរ៉ង់ក៏បានប្រកាសចាត់វិធានការឆ្លើយតបវិញដែរ តាមរយៈការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមវិញ ព្រមទាំងកាត់បន្ថយការអនុវត្ត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕