Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តួកគី និងអាមេរិកពិភាក្សាគ្នារឿងបង្កើតតំបន់សុវត្ថិភាពនៅស៊ីរី តែរដ្ឋាភិបាលស៊ីរីថ្កោលទោស និងចាត់ទុកជាទង្វើរំលោភអធិបតេយ្យភាព

13-08-2019 13:12

(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា គណៈប្រតិភូសហរដ្ឋអាមេរិក បានទៅដល់ប្រទេសរបស់ខ្លួនហើយកាលពីថ្ងៃចន្ចម្សិលមិញ ដើម្បីត្រៀមរៀបចំមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយ ស្តីអំពីតំបន់សុវត្តិភាពដែលបានគ្រោងទុក នៅភាគខាងជើងប្រទេសស៊ីរី ខណៈរដ្ឋាភិបាលទីក្រុងដាម៉ាស់ ទើបតែបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើរបស់ប្រទេសទាំងពីរនេះ និងចាត់ទុកជាការរំលោភអធិបតេយ្យភាពស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០១៩។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិតួកគីបានគូសបញ្ជាក់ថា គណៈប្រតិភូអាមេរិកចំនួន ០៦រូបបានទៅដល់ខេត្តសានលីយួហ្វា (Sanliurfa) ដែលស្ថិតនៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទ។ ដោយឡែកមជ្ឈមណ្ឌលប្រតិបត្តិរួមគ្នា ត្រូវបានគេរំពឹងថា នឹងដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

គួរជម្រាបថា កាលពីសប្តាហ៍មុនមន្ត្រីយោធាតួកគី និងសហរដ្ឋអាមេរិក បានយល់ព្រមសម្របសម្រួលគ្នាថា នឹងបង្កើតឲ្យមានតំបន់សុវត្តិភាពមួយ នៅឯភាគខាងជើងប្រទេសស៊ីរី។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលបំណងចង់កាត់បន្ថយឱកាស នៃការប៉ះទង្គិចគ្នាផ្នែកយោធារវាងភាគីទាំងពីរ។

តំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលជាប់ព្រំដែនជាមួយប្រទេសតួកគី ត្រូវបានកាន់កាប់ដោយកងជីវពលឃើដគាំទ្រដោយអាមេរិក ដែលហៅកាត់ថា YPG។ ក្រុមប្រដាប់អាវុធដ៏ខ្លាំងក្លានេះត្រូវបានប្រទេសតួកគីចាត់ទុកថា ជាក្រុមភេរវករសុទ្ធសាធ ហើយក៏បានគំរាមម្តងជាពីរដងថា នឹងបើកប្រតិបត្តិការយោធាកំចាត់ក្រុមនេះចោល បើនៅតែបង្កអសន្តិសុខក្នុងតំបន់៕