(ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់ ២៤នាក់ហើយក្នុងគ្រោះទឹកជំនន់ និងរអិបាក់ដីនៅតំបន់ខ្ពស់រាបភាគកណ្ដាលនៃប្រទេស គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញនេះ ខណៈមនុស្ស០៦នាក់នៅតែកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអេមីរ៉ាត់ WAM នៅរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។
ព្យុះភ្លៀងបានបោកបក់មកលើតំបន់ខ្ពង់រាបនៃនានា ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ដោយបានបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់ផងដែរ ចាប់តាំងពីថ្ងៃទី០២ ខែសីហាមកម្ល៉េះ។ ដោយឡែកនៅភាគខាងត្បូងវិញ លំនៅឋានប្រជាជនប្រមាណ ៣,៩០០ខ្នងបានទទួលរងការបំផ្លិចបំផ្លាញ ផ្លូវថ្នល់ជាង៣០គីឡូម៉ែត្រត្រូវខូចខាត និងផ្ទៃដីដំណាំជាង ២២,០០០ហិកតាត្រូវទឹកលិចអស់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាម គ្រោះទឹកជំនន់ ព្យុះ និងគ្រោះរអិលបាក់ដីបានសម្លាប់មនុស្ស ១៨១នាក់ និង ៣៧នាក់បាត់ខ្លួន ព្រមទាំងបង្កការខាតបង់គិតជាទឹកប្រាក់ស្មើនឹង ៨៥៨លានដុល្លារកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕