(តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ អាចនឹងធ្វើឲ្យមានការរអិលបាក់ដី នៅតំបន់កោះ Shikoku និងកោះ Kyushu នៅអំឡុងថ្ងៃព្រហស្បត្តិ៍ខាងមុខ ដោយភ្នាក់ងារឧត្តុនិយមជប៉ុន បានព្រមាននៅថ្ងៃចន្ទនេះថា ព្យុះភ្លៀង និងខ្យល់បក់ខ្លាំង នឹងកើតមាននៅតាមបណ្តោយ ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត និងភាគខាងលិច ប្រទេសជប៉ុន នៅព្រឹកថ្ងៃអង្គារស្អែកនេះ, នេះបើយោងតាមសារព័ត៌មាន Japan Times ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។
គិតត្រឹមម៉ោង៦ល្ងាច (ម៉ោងក្នុងតំបន់) ថ្ងៃចន្ទនេះ, ព្យុះទីហ្វុង Krosa បានតាំងទីនៅមហាសមុទ្រ ដែលមានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ ភាគខាងលិច-ខាងត្បូង ឆៀងខាងលិច កោះ Chichijima របស់ជប៉ុន។ វាធ្វើការបំលាស់ទីទៅភាគខាងជើង ឆៀងខាងលិច ជាមួយល្បឿនខ្យល់១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ស្របពេលដែលថ្មីៗនេះមានការកើនឡើងនូវចំនួននៃឧប្បត្តិហេតុ ដែលពាក់ព័ន្ធនឹងទឹក, ភ្នាក់ងារឧត្តុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាមុន ចំពោះរលកកម្រិតខ្ពស់ និងគ្រោះទឹកជំនន់។
គួរជម្រាបថា នៅព្រឹកថ្ងៃចន្ទនេះប៉ូលិសបានរកឃើញសាកសពបុរស២នាក់ នៅឆ្នេរសមុទ្រ នៃទីក្រុង Nagasaki នៅជប៉ុន៕