(ញូដេលី)៖ យាន Chandrayaan-2 នៃបេសកកម្មឋានព្រះច័ន្ទទី២ របស់ឥណ្ឌា ត្រូវបានគេរំពឹងថានឹង ធ្វើដំណើរចូលទៅដល់គន្លងឋានព្រះច័ន្ទ នៅថ្ងៃទី២០ ខែសីហានេះ។ នេះបើតាមនាយកទីភ្នាក់ងារអវកាស ឥណ្ឌា ISRO ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
យោងតាមនាយកទីភ្នាក់ងារអវកាសឥណ្ឌា ISRO លោក Sivan នៅថ្ងៃទី១៤ ខែសីហានេះ ប្រហែលជា ម៉ោង៣៖៣០នាទីទៀបភ្លឺ យាន Chandrayaan-2 នឹងចាកចេញពីផែន ហើយធ្វើដំណើរឆ្ពោះទៅកាន់ ឋានព្រះច័ន្ទ។ លោក Sivan បន្ថែមថា យានមួយនេះអាចនឹងទៅដល់គន្លងឋានព្រះច័ន្ទនៅថ្ងៃទី២០ ខែសីហា ក៏ដូចជាអាចនឹងចុះចតលើផ្ទៃឋានព្រច័ន្ទតែម្ដង នៅថ្ងៃទី៧ ខែកញ្ញា។
គួរជម្រាបថា Chandrayaan-2 គឺជាបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទជាលើកទីពីររបស់ប្រទេស ឥណ្ឌា។ ចំណុចខុសគ្នារវាង បេសកកម្មទាំងពីរ គឺត្រង់ថា បេសកកម្ម Chandrayaan-1 ពុំមានយាន Lander សម្រាប់ចុះចតឡើយ គឺមានតែយាន Orbiter សម្រាប់សិក្សាព្រះច័ន្ទពីចម្ងាយ។ បេសកកម្ម Chandrayaan-1 បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០០៨ ខណៈនៅខែវិច្ឆិកា ឆ្នាំដដែល វាបានបាញ់វត្ថុមួយទៅបំបុកផ្ទៃនៃតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយបេសកកម្មនេះ បានបញ្ចប់ទៅកាលពីខែសីហា ឆ្នាំ២០០៩៕