(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិនបានកើនដល់ ៤៤នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈមនុស្ស ១៦នាក់កំពុងបន្តបាត់ខ្លួន៕
២៖ រដ្ឋមន្រ្តីក្រសួងការពារជាតិតួកគីលោក ហ៊ូលូស៊ី អាការ (Hulusi Akar) នាថ្ងៃចន្ទនេះបានឲ្យដឹងថារុស្ស៊ីនឹងបន្ត ប្រគល់ប្រព័ន្ធ S-400 មកឲ្យតួកគីបន្ថែមទៀតនៅកំឡុងខែសីហា និងខែកញ្ញាខាងមុខនេះ៕
៣៖ ទីក្រុងប៉េកាំងប្រកាសនៅមុននេះបន្តិចដោយធ្វើការថ្កោលទោស និងចាត់ទុកក្រុមបាតុករនៅទីក្រុងហុងកុងថា «កំពុងប្រព្រឹត្តអំពើភេរវកម្ម» ខណៈអាជ្ញាធរអាកាសយានដ្ឋានទីក្រុងហុងកុង បានសម្រេចចិត្តលុបចោលជើងហោះហើរទៅ និងមកដែលនៅសល់ទាំងអស់នៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតវ៉ាយ៉ាងក្តៅគគុក នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង៕
៤៖ ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីផែនការដកជប៉ុន ចេញពីបញ្ជីសរបស់ខ្លួន ដើម្បីលុបចោលការអនុគ្រោះ ពិសេសនៃការធ្វើពាណិជ្ជកម្មមួយចំនួនសម្រាប់ទីក្រុងតូក្យូ៕
៥៖ ស្ថាប័នពាក់ព័ន្ធរបស់តួកគី កំពុងតែពិចារណាលើការទិញយន្តហោះចម្បាំងរុស្ស៊ី Su-35 បន្ទាប់ពីខ្លួនត្រូវបាន អាមេរិកផ្អាកការលក់យន្តហោះចម្បាំង F-35 មកឲ្យ ហើយត្រូវខ្ទាតចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះនេះថែមទៀត ព្រោះតែការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី៕
៦៖ គ្រោះអគ្គីភ័យបានកើតឡើងនៅផ្ទះមើលថែទាំកុមារមួយកន្លែង ស្ថិតក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតក្មេងៗយ៉ាងហោចណាស់ចំនួន៥នាក់៕