(ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៅធនាគារកណ្តាលនៃប្រទេសចិន បានបង្ហើបឲ្យដឹងថា ចិនកំពុងតែខិតជិតមែនទែនក្នុងការដាក់ចេញនូវ រូបិយវត្ថុឌីជីថលដែលគេហៅថា រូបិយប័ណ្ណ Crypto (Cryptocurrency) របស់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
កំឡុងវេទិកាពិភាក្សាផ្នែកហិរញ្ញវត្ថុ China Finance 40 ដែលត្រូវបានរៀបចំឡើងនៅទីក្រុង យីជន (Yichun) នៃខេត្តហៃឡុងជាំង (Heilongjiang) កាលពីចុងសប្តាហ៍មុន លោក មូ ឆាងជន (Mu Changchun) នាយករងនៃនាយកដ្ឋានទូទាត់សាច់ប្រាក់ នៃធនាគារកណ្តាលរបស់ចិនបាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨ ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារបានធ្វើការងារយ៉ាងសកម្ម ដើម្បីបង្កើតប្រព័ន្ធរូបិយវត្ថុឌីជីថល ដែលជិតអាចដាក់ឲ្យដំណើរការជាផ្លូវការបានហើយ ប៉ុន្តែលោកពុំបានបញ្ជាក់ឲ្យច្បាស់ថា នឹងចេញនៅពេលណាឡើយ។ បើតាមរបាយការណ៍ព័ត៌មាន ចិនបានចំណាយពេលប្រមាណ ០៥ឆ្នាំមកហើយ ដើម្បីស្រាវជ្រាវបង្កើតរូបិយវត្ថុឌីជីថល។
គួរជម្រាបថា ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក Facebook ក៏មានផែនការដាក់ឲ្យដំណើរការ រូបិយវត្ថុឌីជីថលរបស់ខ្លួនផងដែរហៅថា «Libra» គឺនៅឆ្នាំក្រោយ ប៉ុន្តែគម្រោងនោះបានបង្កក្តីព្រួយបារម្ភទាំងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងចំណោមធនាគារកណ្តាលរបស់ប្រទេសដទៃទៀត រួមមានធនាគារកណ្តាលរបស់ចិន ដែលចង់ឲ្យរូបិយវត្ថុឌីជីថលនោះ ស្ថិតក្រោមការចាត់ចែង និងមើលខុសត្រូវដោយធនាគារកណ្តាលអាមេរិក ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ។ បច្ចុប្បន្ន រូបិយវត្ថុឌីជីថលដែល គេនិយមប្រើជាងគេគឺ BitCoin។ យ៉ាងណាមិញ រូបិយវត្ថុប្រភេទនេះក៏ត្រូវបានប្រទេសជាច្រើនមិនស្វាគមន៍ផងដែរ៕