(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីន បាននិយាយនៅថ្ងៃចន្ទនេះថា ការឆ្លើយតបរបស់ប្រទេសលោក ចំពោះការដាក់កំហិតលើការនាំចេញរបស់ជប៉ុន មិនមែនជាការធ្វើតាមអារម្មណ៍នោះទេ ប៉ុន្តែវាបានធ្វើឡើងដោយយកចិត្តទុកដាក់ និងបានគិតវែងឆ្ងាយបំផុត ខណៈកូរ៉េខាងត្បូងកំពុងត្រៀមដកជប៉ុនចេញពីបញ្ចីស ដើម្បីលុបចោលការអនុគ្រោះពិសេស នៃការធ្វើពាណិជ្ជកម្មមួយចំនួនសម្រាប់ទីក្រុងតូក្យូនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាល្ងាចថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំមួយជាមួយលេខាធិការជាន់ខ្ពស់ លោក មូន ជែអ៊ីន បាននិយាយយ៉ាងដូច្នេះថា «ការឆ្លើយតបរបស់យើងចំពោះវិធានការបស់ជប៉ុននេះ មិនគួរណាធ្វើតាមអារម្មណ៍នោះទេ។ យើងត្រូវមានការប្តេជ្ញាចិត្ត ប៉ុន្តែក៏ត្រូវគិតអំពីដំណោះស្រាយជាមូលដ្ឋាន ដោយផ្តោតលើទស្សនៈវិស័យដ៏វែងឆ្ងាយផងដែរ»។ ការប្រតិកម្មរបស់លោកប្រធានាធិបតីខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តលើផែនការ «ដកកូរ៉េខាងត្បូងចេញពីបញ្ជីស» ឬការលើកលែងពិសេសពាក់ព័ន្ធនឹងការនាំចេញ កាលពីដើមខែនេះ។
គួរជម្រាបថា ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង បានកើតចេញដំបូងពីការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន «ចេញប្រាក់សងជំងឺចិត្តដល់កម្មករកូរ៉េ» ដែលបានធ្វើការងារលើសកម្លាំង កាលពីសម័យសង្គ្រាមលោក។ ក្រោយមកទៀត ជប៉ុនបានសម្រេចថា នឹងធ្វើការរឹតត្បិតទៅលើការនាំចេញវត្ថុធាតុដើមសំខាន់ៗមួយចំនួន ជាពិសេសគឺវត្ថុធាតុដើម្បីផលិតអេក្រង់ និងបន្ទះឈីប ដែលសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនយក្ស កូរ៉េខាងត្បូងដូចជា Samsung និង LG ជាដើម៕