(អង់ការ៉ា)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិតួកគីលោក ហ៊ូលូស៊ី អាការ (Hulusi Akar) នាថ្ងៃចន្ទនេះបានឲ្យដឹងថា រុស្ស៊ីនឹងបន្តប្រគល់ប្រព័ន្ធ S-400 មកឲ្យតួកគីបន្ថែមទៀតនៅកំឡុងខែសីហា និងខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
តួកគីបានចុះកិច្ចព្រមព្រៀងទំហំ ២.៥ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 រុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧។ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ រុស្ស៊ីបានបញ្ចប់ដំណើរការ ប្រគល់ប្រព័ន្ធដំណាក់កាលដំបូងមកឲ្យតួកគី។ ដោយសារការហុចដៃទទួលយកប្រព័ន្ធនេះ តួកគីត្រូវបានអាមេរិកដកចេញពីភាពជាដៃគូ ក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ហើយបានប្រកាសលែងលក់យន្តហោះចម្បាំង-បំបាំងកាយនេះ ឲ្យតួកគីថែមទៀត។
យ៉ាងណាមិញបច្ចុប្បន្នមានសេចក្តីរាយការណ៍ថា ទីក្រុងអង់ការ៉ាកំពុងវាយតម្លៃមើលទៅលើ ការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ីវិញ។ ដោយឡែកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការ NATO មួយចំនួនទៀតថា បានបង្ហាញការប្រឆាំងទៅនឹងទង្វើ របស់ប្រទេសតួកគីដោយពួកគេយល់ថា ការទិញប្រព័ន្ធមីស៊ីល S-400 មកបំពាក់លើទឹកដីតួកគី និងអនុញ្ញាតឲ្យរុស្ស៊ីលួចស៊ើបការណ៍សម្ងាត់នានាបាន ហើយវានឹងបំផ្លាញយុទ្ធសាស្ត្ររួមរបស់ អង្គការ NATO ដែលតួកគីក៏ជាសមាជិកមួយដែរនោះ៕